ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ពិធីនេះក៏មានការចូលរួមពីលោកស្រី Vica Rosario Bogaerts ប្រធានក្រុមការងារ និងអ្នកជំនាញការ ជាន់ខ្ពស់គ្រប់គ្រងហានិយភ័យ គ្រោះមហន្តរាយ តំណាងធនាគាពិភពលោក និងលោកស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ( WFP), ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា និងវិស័យឯកជន ផងដែរ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានឱ្យដឹងថា ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំរយៈពេល៥ឆ្នាំម្ដង តាមអាណត្តិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងារ សេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០ ដែលបានអនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ នៅទីក្រុង សេនដាយ ប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមាន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការសកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា៖ ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ។ផែនការនេះ ត្រូវបានបន្តអនុវត្តចក្ខុវិស័យ នៃការកសាងសហគមន៍ប្រកបដោយ សុវត្ថិភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងមានគោលដៅរួម គឺ កាត់បន្ថយការបាត់បង់អាយុជីវិត ការខាតបង់ ផ្នែកសេដ្ឋកិច្ច និងការខូចខាត ដល់ហេ ដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការយល់ដឹង អំពីភាពធន់របស់សហគមន៍ តាមរយៈការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រោមកម្មវិធីអាទិភាព និងគោលដៅយុទ្ធសាស្ត្រនីមួយៗផងដែរ ។
ជាមួយគ្នានោះ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។
គួរបញ្ជាក់ថា ផែនការសកម្មភាពជាតិនេះ មានលទ្ធផលរំពឹងទុកចំនួន ៨ចំណុច៖ ១. ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ២. សមត្ថភាពនៃការយល់ដឹងនិងចំណេះដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យប្រសើរឡើង ៣. ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើ រំហូរដោយផ្សារភ្ជាប់នឹងសហគមន៍ ៤. សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍ ៥. ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយត្រូវបានរៀបចំ ៦. គ្រឿងសម្ភារ និង មធ្យោបាយសំខាន់ៗសម្រាប់ការពារ និងជួយសង្គ្រោះត្រូវបានពង្រឹង ៧. ការអនុវត្តត្រូវប្រកបដោយចំណេះដឹង និងការយល់ដឹងតាមបែបលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង៨. ភាពជាដៃគូជាមួយវិស័យឯកជន នឹងត្រូវបានការជួយគាំទ្រ។
ក្នុងឱកាសនេះ ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បន្តផ្តល់កិច្ចសហប្រតិបត្តិការអនុវត្តសកម្មភាព ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ឱ្យបានសកម្ម និងជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយមានប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក៕រក្សាសិទ្ធដោយ៖សុទ្ធលី