Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកចែកចាយព័ត៌មានរបស់ក្រុមហ៊ុនសម្រស់ធារ៉ា និយាយត្រូវ រឿងទីតាំងក្រុមហ៊ុនសម្រស់ធារ៉ាល្មើសច្បាប់នៅបាត់ដំបងនោះ CEN រកឃើញហើយ ខណៈ លោកស្រី វី ស្រីពៅ ធ្វើការប៉ាតណាប៉ាតណី !

រាជធានីភ្នំពេញ : CEN កំពុងតែធ្វើការផ្សព្វផ្សព្វផ្សាយអំពីទីតាំងផលិត ឡេ ម្សៅ កូរដោយដៃ និងកូរដោយម៉ាស៊ីនទឹក្រឡុក ពោលគឺ ផ្សព្វផ្សាយពីផលិតផលក្លែងក្លាយ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងប្រជុំជនកំពង់ស្ពឺ និងទីតាំងធំ នៅខេត្តស្វាយរៀង ( ឥឡូវបិទហើយ )  ហើយចុងក្រោយនេះ ស្រាប់តែត្រូវបានក្រុមបណ្ដាញចែកចាយព័ត៌មានរបស់សម្រស់ធារ៉ាខ្លួនឯងផ្ទាល់ ចេញមកបង្ហាញទីតាំងថ្មីឱ្យ CEN ចុះទៅពិនិត្យមើល និងយកព័ត៌មានផង នោះគឺ ទីតាំងថ្មីទៀតបស់ក្រុមហ៊ុនសម្រស់ធារ៉ា នៅខេត្តបាត់ដំបង, ហើយជាបន្តបន្ទាប់នេះ CEN នឹងផ្សាយអំពីទីតាំងល្មើសច្បាប់របស់ក្រុមហ៊ុនសម្រស់ធារ៉ាផង និងលោកស្រី វី ស្រីពៅ ដែលមានពុតត្បុតអាក្រក់ ធ្វើជាមេធាវីការពារផង ធ្វើជារដ្ឋលេខាធិការក្រសួងអធិការកិច្ចផង ទាំងច្បាប់ស្ដីពីសហលក្ខន្តិកៈការងារមន្ត្រីរាជការមិនអនុញ្ញាត។

CEN សូមឱ្យលោកស្រី វី ស្រីពៅ សិក្សាច្បាប់ឱ្យបានច្បាស់លាស់មុននឹងសម្ដែងអាកប្បកិរិយាអ្វីមួយចេញមក ព្រោះថា ច្បាប់ គឺច្បាប់, ច្បាប់មិនមែនជាអ្នកច្បិច ឬអ្នកពន្លាត់ ឬអ្នកពូកែនិយាយមួលបង្កាច់គេនោះទេ, ក្រុមហ៊ុនសម្រស់ធារ៉ាក្ដី លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចក្ដី ជាដំបូង គឺ CEN ជាអ្នកផ្សព្វផ្សាយព័ត៌មានជុំវិញអ្នកទាំងពីរនេះ ហេតុអ្វីលោកស្រី វី ស្រីពៅ ដែលជាមេធាវីការពារក្ដីក្រុមហ៊ុនសម្រស់ធារ៉ា ម្ដេចមិនយកលិខិតបំភ្លឺដែលសរសេរសមរម្យតាមនីតិវិធីច្បាប់ស្ដីពីរបបសារព័ត៌មាន មកកាន់ការិយាល័យនិពន្ធ CEN ឱ្យផ្សាយកែតម្រូវ ឬបំភ្លឺបកស្រាយនូវចំណុចណាមួយ ដែលខ្លួនគិតថា មិនសមរម្យនោះទៅ ?! ចាំបាច់អី យកទៅឱ្យបណ្ដាញសារព័ត៌មានផ្សេងៗផ្សព្វផ្សាយ មានចេតនាទុច្ចរិត បំផ្លាញ CEN ទៅវិញ ។ ត្រង់មាត្រា ១០ ច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ជនណាម្នាក់ ដែលយល់ថា អត្ថបទផ្សាយណាមួយ នៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន ជននោះ មានសិទ្ធិទាមទារឱ្យអង្គភាពព័ត៌មាននោះ ធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប បំភ្លឺ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ទៅតាមអ្វីដែលជាការពិត និងភ្ជាប់មកជាមួយនូវឯកសារភស្តុតាងផងដែរ ដើម្បីបញ្ជាក់ពីការពិត, មានន័យថា មិនមានចំណុចណាមួយតម្រូវឱ្យមេធាវីមានសិទ្ធិបញ្ជាលុបព័ត៌មានចោលក្នុងរយៈពេល ២៤ ម៉ោង និងប្រើសិទ្ធិជាមេធាវីរំលោភបំពានសេរីភាពឯករាជ្យលើវិស័យសារព័ត៌មាននោះឡើយ ដូចរូប លោកស្រី វី ស្រីពៅ និងស្វាមីលោកស្រី ពិត សុខណែន ប្រធានការិយាល័យមេធាវីអាស៊ីអាគ្នេយ៍នេះជាដើម។

លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច វិញ បានចេញលិខិតបដិសេធព័ត៌មាន CEN យើងថា ផ្សាយមិនពិត, តើព័ត៌មានមិនពិតត្រង់ណា ? តើលោកស្រី មានវិសមិតភាពការងារមេធាវី និងមុខងារសាធាណ: ជាការពិតទេ? ច្បាប់មានចែងជាការពិតទេ? អាហ្នឹងមិនពិតដែរ ឬក៏យ៉ាងណា បើ CEN បានស៊ើបទៅការិយាល័យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅហើយនោះ គឺពិនិត្យឃើញលោកស្រី វី ស្រីពៅ ជាប្រធានការិយាល័យមេធាវី អាស៊ីអាគ្នេយ៍ ដែលមានចុះបញ្ជី នាយក ការិយាល័យមេធាវី នៅគណ:មេធាវី ក្រោមឈ្មោះ លោកស្រីផ្ទាល់ វី ស្រីពៅ និងស្វាមី ពិត សុខណែន តើខាងគណ:មេធាវីគេចុះបញ្ជីឈ្មោះជា ជាបញ្ជីក្លែងក្លាយក រឬយ៉ាងណា ?!

ក្នុងលិខិតចេញដោយការិយាល័យ លោកស្រី ប្រគល់ជូនសម្រស់ធារ៉ា បានបញ្ជាក់ថា ការិយាល័យលោកស្រី បានទទួលកម្រៃការពារឱ្យសម្រស់ធារ៉ា តើលិខិតដែលមានលេខ 024/24 ក.ម.អ តើលោកស្រីបដិសេធលិខិតនេះលិខិតក្លែងក្លាយដែរ ឬយ៉ាងណា ព្រោះលោកស្រីបានប្រើប្រាស់វារួចទៅហើយ ក្នុងនាមលោកស្រី និងស្វាមីគឺជាមេធាវីប្រកបវិជ្ជាជីវៈ។

ក្នុងការលើកឡើងបញ្ជាក់ពីភាពប្ដូរផ្ដាច់ការពារក្រុមហ៊ុនសម្រស់ធារ៉ា លើអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី  វី ស្រីពៅ កាលពីថ្ងៃ៣១ ខែសីហា តើអាច ជាការបញ្ជាក់ពីលោកស្រី ដោយប្រយោល ដែលច្បាប់ហាមឃាត់ឬទេ?!

លោកស្រី វី ស្រីពៅ មានកលល្បិចលាក់បាំងសាធារណជន និងថ្នាក់ដឹកនាំ ឬយ៉ាងណា ទើបសូម្បីតែការសម្ភាសន៍ពី CEN ដែលទាក់ទងទៅ តាមលេខទូរស័ព្ទ 097 449 9447 ក៏លោកស្រី មិនទទួលស្គាល់ការពិតដែរ (សូមបញ្ជាក់ថា លេខទូរស័ព្ទនេះ គឺជាលេខទូរស័ព្ទដែលលោកស្រីកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយក៏ជាលេខដែលយើងខ្ញុំទទួលបានពីគណ:មេធាវីដែរ។ លោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចទទួលបន្ទុកផ្សព្វផ្សាយផ្នែកច្បាប់ តើឱ្យលោកស្រីរូបនេះទើបផ្សព្វផ្សាយ និងបង្រៀនច្បាប់គេយ៉ាងម៉េចទៅ បើសូម្បីតែខ្លួនលោកស្រីផ្ទាល់ជាអ្នកយល់ដឹងផ្នែកច្បាប់ អនុវត្តការងារ មិនយល់ពីវិសមិតភាពនឹងមុខងារសាធារណៈ។

យោងតាមច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី មាត្រា ៥៣ បានចែងថា វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី។ មាត្រា ៥៤ នៃច្បាប់ដដែលនេះ បានចែងថា មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃរដ្ឋសភា អាចនៅជាសមាជិកនៃគណៈមេធាវីបាន ប៉ុន្តែត្រូវឈប់ប្រកបវិជ្ជាជីវៈនេះរហូតដល់ចប់តួនាទី ឬអាណត្តិនោះ។ ចំណែកច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥ បានចែងថា :  ត្រូវហាមឃាត់ដាច់ខាតដល់អ្នករាជការនូវប្រការខាងក្រោម ÷

១- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។
២- យកឥទ្ធិពល និងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសម្លុត គំរាមកំហែង បំពានសិទ្ធិរបស់ពលរដ្ឋ។
៣- ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។
៤- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។
៥- បោះពុម្ពផ្សាយ ឬធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមានពាក់ព័ន្ធនៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័ន ដែលសាមីខ្លួននៅក្រោមឱវាទ។ 
៦- ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្តិកៈដោយឡែក នៃអង្គនីមួយៗហាមឃាត់។

  • អំពើបំពាននឹងបទប្បញ្ញត្តិនៃមាត្រានេះ អាចបណ្ដាលឱ្យទទួលទណ្ឌកម្មផ្នែកវិន័យណាមួយ ដែលមានចែងក្នុងមាត្រា ៤០ នៃច្បាប់នេះ ដោយមិនទាន់គិតដល់ការចោទប្រកាន់ជាបទអាជ្ញា ដែលអាចកើតមានឡើងទៀតផង។ 

ឥឡូវនេះ យើងចូលទៅនិយាយអំពីទីតាំងនៅភូមិអូរតាគី សង្កាត់អូរតាគី ក្រុងបាត់ដំបង ខេត្តបាត់ដំបងវិញម្ដងនេះ ទីតាំនេះ វាមិនមែនជាកន្លែងថ្មី របស់ក្រុមហ៊ុនសម្រស់ធារ៉ានោះទេ គឺជាកន្លែងដែលធ្លាប់ប្រព្រឹត្តល្មើស ម្សៅ-ឡេ កូរដោយដៃ ឡេ-ម្សៅ កូរដោយម៉ាស៊ីនទឹកក្រឡុក តាមពិតទីតាំងនៅខេត្តបាត់ដំបងនេះ វាហាក់ដូចជាបង្កើតមុនគេទៀតផង។ តាមប្រភពព័ត៌មាន ដែល CEN ស៊ើបសួរប្រជាពលរដ្ឋជំហានដំបូងដំបូងៗ ថា ទីតាំងរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ផលិត ម្សៅ ឡេ កូរដោយដៃ កូរដោយម៉ាស៊ីនទឹកក្រឡុក នៅភូមិអូរតាគី សង្កាត់អូរតាគី ក្រុងបាត់ដំបង ខេត្តបាត់ដំបង នោះ មិនមែនក្រុមហ៊ុនសម្រស់ធារ៉ា មិនបង់លុយឱ្យម្ចាស់ដី ហើយប្រមូលអីវ៉ាន់ចាកចេញនោះទេ គឺពាក់ព័ន្ធនឹងបទល្មើសតែម្ដង, ដោយតាមប្រភពថា ម្ចាស់ដីគេនៅឯភ្នំពេញ គ្រាន់តែដឹងរឿងផលិតផលសម្រស់ធារ៉ា ឡេ ម្សៅ កូរដោយដៃ កូរដោយម៉ាស៊ីនទឹកក្រឡុក ល្មើសនឹងបទដ្ឋានបច្ចេកទេស គឺគេឈប់ជួលឱ្យតែម្ដង (ព័ត៌មាននៅបាត់ដំបងនេះ យើងនឹងប្រមូលលម្អិតបន្ថែមទៀត ដោយយើងនឹងស្នើសុំខាងក្រុមអ្នកចែកចាយបណ្ដាញព័ត៌មានរបស់ក្រុមហ៊ុនសម្រស់ធារ៉ាចូលរួមតែម្ដង ព្រោះថា ទីតាំងនៅបាត់ដំបងនេះ គឺអ្នកចែកចាយព័ត៌មានរបស់ក្រុមហ៊ុនសម្រស់ធារ៉ា អ្នកផ្ដល់ឱ្យ)។ 

ក្រុមអ្នកចែកចាយព័ត៌មានរបស់ក្រុមហ៊ុនសម្រស់ធារ៉ា មានដូចជា Oun Ying , Juu Eii , Neth Piseth , MoNY Nea , AJ Chhy និងមានឈ្មោះជាច្រើនទៀតដែលយើងរៀបរាប់មិនអស់ ពួកនេះសរសេរដូចៗគ្នាថា ” ចុះដី នៅបាត់ដំបង ម៉េចក៏លោកមិនចុះផ្សាយផង ? លាក់ទុកធ្វើអី ? ម៉េចអត់បានលុយសងគេមែនបានឃើញចុះតែអាមួយហ្នឹងចឹង ?! គឺក្រុមពួកគេនេះចូលខុម្មិនពាក្យដដែលៗ ដូចជា ជំរុញ ផ្គើន CEN ខ្លាំងណាស់។

ក្រុមបណ្ដាញចែកចាយព័ត៌មានរបស់ក្រុមហ៊ុនសម្រស់ធារ៉ា ពិតជា សហការជាមួយ CEN បានល្អមែន ពេលនេះ CEN រកទីតាំងនៅបាត់ដំបងឃើញហើយ និងរង់ចាំឈ្មោះទាំងប៉ុន្មាននាក់ខាងលើនេះ ជូនដំណើរ CEN ទៅយកព័ត៌មានផង ដើម្បីទទួលបានភាពច្បាស់ការណ៍ ផ្សាយរឹតតែការពិតបន្ថែមទៀតជូនសាធារណជន អំពី ឡេ ម្សៅ ល្មើសច្បាប់របស់ផលិតផលសម្រស់ធារ៉ា។

សូមរំលឹកបន្តិចថា ក្រុមហ៊ុនសម្រស់ធារ៉ា ពេលរុះរើចេញចេញពីខេត្តបាត់ដំបងទៅ គឺពួកគេបានទៅជួបជុំប្រមូលផ្ដុំគ្នានៅឯ ខេត្តស្វាយរៀង ម្ដងរួចទៅហើយ ប៉ុន្តែបន្ទាប់ពីសាធារណជនមួយចំនួនធំ អះអាងថា ក្រុមហ៊ុនសម្រស់ធារ៉ា ដែលធ្លាប់តែល្មើសបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្ត ដាក់សារធាតុគីមីលើសចំណុះទៅក្នុងផលិតផលម្សៅ-ឡេលាបមុខ លាបខ្លួន និងគ្រឿងសម្អាងផ្សេងៗរបស់ខ្លួន ចែកចាយយ៉ាងកក្រើកឡើងវិញនោះ មកដល់ថ្មីៗនេះ គឺក្រុមការងារ CEN បានចុះទៅស៊ើបអង្កេតដល់ទីតាំងផលិត និងឃ្លាំងស្ដុកផ្ទាល់របស់ក្រុមហ៊ុនសម្រស់ធារ៉ា ក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងស្វាយរៀង ប៉ុន្តែទីតាំងក្នុងខេត្តស្វាយរៀងនេះក្រោយពេល CEN ផ្សព្វផ្សាយ ២-៣ លេខទៅ ក៏ឃើញសមត្ថកិច្ចចុះបិទសកម្មភាពនេះជាបន្តទៀត។

ឥឡូវឮថា ក្រុមហ៊ុនសម្រាស់ធារ៉ា បានរត់មកភ្នំពេញវិញ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រត់ចុះរត់ឡើង រត់ចុះរត់ឡើង ហើយគ្រប់រោងចក្រផលិត មិនមែនជារោងចក្រពិតប្រាកដនោះទេ, គ្មានផ្លាកយីហោបញ្ជាក់អំពីអត្តសញ្ញាណក្រុមហ៊ុនត្រឹមត្រូវ ដូចច្បាប់ដែលកំណត់នោះទេ, តាំងផលិត និងឃ្លាំងស្តុក បានប្ដូរចេញពីផ្ទះវីឡាធំមួយទីតាំងចាស់ មកធ្វើនៅទីតាំងថ្មី ឆៀងខាងកើតគ្នា ប្រមាណ ៣០០ម៉ែត្រ ឥឡូវនេះ ឮថា មកភ្នំពេញ រត់ទៅនេះ រត់ទៅនោះ ឡើងវិលក្បុងអស់ទៅហើយ ក្រុមហ៊ុនសម្រស់ធារ៉ា រកកន្លែងពិតប្រាកដមិនទាន់ឃើញទៀត, ប៉ុណ្ណឹងហើយ សមត្ថកិច្ចមើលមិនឃើញពីបទល្មើសទៀត។ 

គួររំលឹកថា កាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (ជាង១០ខែមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះ បង្ក្រាបផលិតផល ម្សៅ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

កាលពីសមត្ថកិច្ចជំនាញរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់ និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី ÷

1-CHLORAMPHENICOL ,
2- TRANLACOL (សមឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,
សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយបទល្មើសមួយនេះ ក៏មិនទាន់បិទបញ្ចប់នៅឡើយដឺរ គឺកំពុងស្ថិតនៅក្នុងដៃតុលាការខេត្តស្វាយរៀង ពោលគឺ នៅក្នុងដៃចៅក្រមជំនុំជម្រះ, សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបន្តពង្រឹងការបោសសម្អាតបទល្មើសមួយនេះ ដើម្បីឱ្យសង្គមកម្ពុជាទទួលបានភាពស្អាតស្អំពីការប្រើប្រាស់ផលិតផលសម្អាង និងក៏ដូចជាការពារប្រជាពលរដ្ឋ កុំឱ្យកើតជំងឺ រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹង ដោយសារការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនសម្រស់ធារ៉ានេះផង៕ ពិសិដ្ឋ CEN

×