ភ្នំពេញ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចុះទៅតំបន់ភូមិភាគឥសាន្ត រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ពិសេសតំបន់ជនជាតិដើមភាគតិចរស់នៅ និងតំបន់ដាច់ស្រយាល ដើម្បីសិក្សាស្រាវជ្រាវ និងវាយតម្លៃពីតម្រូវការ និងបញ្ហាប្រឈមនានា ជាការត្រៀមលក្ខណៈជាមុនឱ្យកាន់តែល្អប្រសើក្នុងការអនុវត្តគម្រោងចុះទៅដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅភាគឥសាន្ត និងតំបន់ដាច់ស្រយាល។
បេសកកម្មនេះបានចាប់ផ្តើម ពីថ្ងៃទី១២ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសមាជិកនៃ អ.ដ.ក. រួមនឹងក្រុមការងារបច្ចេកទេសនៃ អ.ដ.ក. ដោយក្នុងនោះ ក្រុមការងារបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីជំនាញជុំវិញខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏បានចុះជួបសំភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋជាជនជាតិដេីមភាគតិច និងប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ដេីម្បីស្វែងយល់ពីប្រពៃណី ទំនៀមទំលាប់ ជំនឿផ្សេងៗ ជាពិសេស ស្វែងយល់អំពីរបៀបនៃការស្វែងរកជំនួយក្នុងការដោះស្រាយវិវាទ ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់គាត់ និងបញ្ហាប្រឈមមួយចំនួនរបស់ពួកគាត់។
ទន្ទឹមនេះដែរ ក្រុមការងារបច្ចេកទេសនៃ អ.ដ.ក. ក៏បានធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីបេសកកម្ម និងសារៈសំខាន់នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាតួអង្គនៅកៀកជិតនឹងប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវាដោះស្រាយវិវាទដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















