ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Wang Zhimin និងគណៈប្រតិភូ និងសង្ឃឹមថាទស្សនកិច្ចការងាររបស់ឯកឧត្តមនាពេលនេះ នឹងពង្រឹងឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានដើរដល់ដំណាក់កាលថ្មី ដូចដែលបានសបញ្ជាក់នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តថ្លែងថា ទស្សនកិច្ចឯកឧត្តម Wang Zhimin និងគណៈប្រតិភូ នាពេលនេះ ក្នុងពេលនៃរដូវវស្សា ពិតជាបង្ហាញឱ្យឃើញនូវទំនាក់ទំនងមិត្តភាព និងការកសាងរួមគ្នា «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
នាឱកាសជំនួបនេះ ឯកឧត្តម Wang Zhimin បានសម្តែងនូវក្តីសប្បាយរីករាយ និងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន គោរពជូនសម្តេចតេជោផងដែរ។
ឯកឧត្តម Wang Zhimin បានវាយតម្លៃខ្ពស់ចំពោះថាមភាព និងលទ្ធផលបន្តបន្ទាប់នៃជំនួបនានារបស់ឯកឧត្តមក្នុងឱកាសនៃទស្សនកិច្ចនាពេលនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការបន្តផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតរវាងប្រទេសយើងទាំងពីរ បានបន្តពូនជ្រុំមិត្តភាពដែកថែបចិន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលថ្មីៗនេះ។ ឯកឧត្តម បានថ្លែងថា សភាតំណាងប្រជាជនចិន តែងបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ស្របតាមចក្ខុវិស័យនៃអតីតថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ជាមួយនឹងមនោសញ្ចេតនាស៊ីជម្រៅ និងជិតស្និត។
ឯកឧត្តម Wang Zhimin បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ហើយនឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម ដែលនឹងក្លាយជាកម្លាំងចលករ និងសុខដុមរមនារវាងប្រទេសយើងទាំងពីរ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិរបស់យើង។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ចាវ ឡឺជី។ សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមានមោទនភាពក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ តាមរយៈការបន្តវេន ដែលជាមរតក អតីតព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេនឡាយ។
សម្តេចតេជោ បានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានបន្តថ្លែងថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាពតម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។
ក្រោមក្របខណ្ឌទ្វេភាគី សម្តេចតេជោ បានចែករំលែកទស្សនវិស័យសម្តេច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ មិត្តចិន ដែលតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរ បើទោះបីជា កម្ពុជាជាប្រទេសតូច ហើយចិនជាប្រទេសធំក្តី។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាពេលកន្លងទៅ បានបន្តកសាងគ្រឹះយ៉ាងរឹងមាំ និងជាផែនទីចង្អុលផ្លូវនៃទំនាក់ទំនងរយៈពេលវែងសម្រាប់របស់យើងទាំងពីរផងដែរ។
នាឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើការគោរព និងការសួរសុខទុក្ខចំពោះ ឯកឧត្តម ចាវ ឡឺជី, ឯកឧត្តម វ៉ាង ហ៊ូនីង និងឯកឧត្តម ស៊ី ជីនពីង ព្រមជាមួយនឹងការអញ្ជើញ ឯកឧត្តម ចាវ ឡឺជី មកទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខផងដែរ។
ឯកឧត្តម Wang Zhimin បានថ្លែងអំណរគុណសម្តេចតេជោចំពោះការផ្លាស់ប្តូរយ៉ាងជិតស្និតជាទីបំផុត។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងថ្នាក់ដឹកនាំជាច្រើនជំនាន់ និងមកដល់ដំណាក់កាលថ្មីមួយកាន់តែស៊ីជម្រៅ។ ឯកឧត្តម បានសាទរចំពោះការកើតឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគចិននៅកម្ពុជា ហើយកំណើននៃវិស័យទេសចរណ៍ ក៏នឹងជំរុញការកើនឡើងនូវវិស័យដទៃទៀតផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម Wang Zhimin និងគណៈប្រតិភូ ទទួលបានជោគជ័យនាដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី









