ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៣ រូប រួមមាន លោក ហ៊ូ ប៊ុនណន, លោកស្រី ជូ វិនាថ និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ១ សំណុំរឿង។
សំណុំរឿងនេះ កេីតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់អចលនវត្ថុមួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ ហើយគូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ទាំងនៅស្ថាប័នតុលាការ ទាំងនៅក្រៅស្ថាប័នតុលាការ ហើយចុងក្រោយ វិវាទនេះត្រូវបានដាក់មក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) សម្រុះសម្រួលដោះស្រាយ កាលពីខែមេសា ឆ្នាំ២០២៤ នេះ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីបានព្រមព្រៀងទូទាត់ប្រាក់ប្រមាណជាង ៧ ម៉ឺនដុល្លារ នៅចំពោះមុខ អ.ដ.ក. ដ់ម្បីបញ្ចប់វិវាទ។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

