ខេត្តកំពង់ចាម : តាមរយៈវេទិកាសាធារណៈដោយបានធ្វើឡើងនៅក្នុងបរិវេណវត្តបទុមរតនៈដីដុះស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៤កញ្ញាឆ្នាំ២០២៤។ដោយក្នុងនោះមានប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិនានាលើកឡើងចំនួន៨ ចំណុចក្នុងនោះ ត្រូវបានអាជ្ញាធរធ្វើការដោះស្រាយតាមសំណើរបស់បងប្អូនដែលបានចូលរួមក្នុងនោះរួមមានដូចជា ÷ការលុបបំបាត់ក្មេងទំនើង ជនអនាថា ប្រព័ន្ធលូបង្ហូរទឹកសម្អុយ ប្រព័ន្ធទឹកស្អាត ការកកស្ទះចរាចរណ៍តាមដងផ្លូវ ផ្ដល់ផ្ទះមនុស្សធម៌របស់កាកបាទក្រហមជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតជាដើម ដែលនេះទើបតែធ្វើឡើងនៅក្នុងសង្កាត់កំពង់ចាមដែលត្រៀមនិងធ្វើឡើងតាមសង្កាត់ចំនួន៣ទៀត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាមមានប្រសាសន៍ដោយលើកឡើងថា:ការរៀបចំដាក់ប្រព័ន្ធទុយោទឹកស្អាតបង្កប់នៅក្នុងដី ដោយមានកាត់តាមផ្លូវជាច្រើននៅក្នុងក្រុងកំពង់ចាម។ ក្នុងនោះបានធ្វើឲ្យផ្លូវថ្នល់ មានក្រឡុកក្រហេងក្រហូង ដែលបង្កផលវិបាកនៅក្នុងការធ្វើដំណើរ សូមបងប្អូនមេត្តាអធ្យាស្រ័យ ដើម្បីឱ្យជំនាញគេធ្វើតេស្តមើលប្រព័ន្ធទុយោទឹក បើសិនមិនមានការលេចធ្លាយទេនោះគេហ្នឹងចាក់ដីបង្ហាប់ស្ថាបនាផ្លូវឱ្យស្អាត មានសភាពដូចដើមវិញ ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងពេលដែលមានរដូវបុណ្យទានម្ដងៗ នៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីស្ស៊ុណា ក្រុងកំពង់ចាម មានការកកស្ទះរថយន្តរហូតដល់រាប់គីឡូម៉ែត្រ។ចំណុចនេះសូមឱ្យអធិការនគរបាលក្រុងកំពង់ចាម ត្រូវចុះសិក្សាស្វែងយល់និងត្រូវដាក់កម្លាំងនគរបាលចរាចរណ៍បន្ថែមដើម្បីសម្រួលធ្វើយ៉ាងណាកុំឱ្យមានភាពក៏ស្ទះ។ជាមួយនោះយើងអាចដាក់បារ៉ាសនៅចំណុចណាមួយ ពេលដែលរថយន្តបើកមកដល់ គេឃើញនិងអនុវត្តតាមនោះនឹងធ្វើឲ្យលែងមានភាពកកស្ទះទៀតហើយ។ សូមបញ្ជាក់ថាក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តក៏ដូចជាស្ថាប័នពាក់ព័ន្ធបានពង្រីកផ្លូវជាបួនកន្លងចាប់ពីរង្វង់មូលស្គន់មកដល់ក្បាលស្ពានគីហ្ស៊ុណា ឥឡូវការដ្ឋាននេះបានឈានចូលមកដល់ក្រុងកំពង់ចាមហើយ ដោយមានការលើកឡើងពីបងប្អូនពលរដ្ឋនោះនិងសូមឲ្យក្រុមហ៊ុនស្ថាបនាផ្លូវ ធ្វើយ៉ាងណាត្រូវស្រោចទឹកលើផ្លូវដើម្បីកុំឲ្យហុយ។ មួយវិញទៀតមីងៗដែលបានលើកឡើងពីគម្រោងអភិវឌ្ឍន៍CLV របស់រាជរដ្ឋាភិបាលកម្ពុជានៅភូមិភាគបែកឥសាន ដែលមានកម្ពុជា វៀតណាមនិងឡាវ ហើយគម្រោងនេះគឺធ្វើឡើងដើម្បីអភិវឌ្ឍន៍នៅតំបន់ខេត្តចំនួន៤ ប្រយោជន៍ដើម្បីលើកកម្ពស់ឃឿនសេដ្ឋកិច្ចឱ្យមានការរីកចម្រើន ហើយគ្មានការរំលោភបំពានលើបូរណភាពទឹកដីនៃប្រទេសណាមួយនោះទេ។ មួយវិញទៀតបើបងប្អូនចង់អញ្ជើញទៅលេងខេត្ត ដែលត្រូវអភិវឌ្ឍនោះសូមអញ្ជើញចុះឈ្មោះតាមរយៈប្រធានក្រុម យកមកដាក់នៅរដ្ឋបាលសាលាខេត្តកំពង់ចាម ដើម្បីស្រង់ឈ្មោះនិងបញ្ជូនទៅឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានដោយនិងមានពេលវេលាសម្រាប់ការធ្វើដំណើរទៅទស្សនកិច្ច នាពេលខាងមុខណាមួយសមស្រប។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានបញ្ជាក់ថា ចំពោះការលើកឡើងតាមរយៈសំណើប្រជាពលរដ្ឋនៅភូមិទី២ សង្កាត់វាលវង់ ដែលថាមានផ្លូវបេតុងមួយខ្សែស្អាតតែក្នុងរដូវសារពេលភ្លៀងធ្លាក់ទឹកសម្អុយបានហូរចេញពីក្នុងលូចូលមកផ្ទះប្រជាពលរដ្ឋ ចំណុចនេះគឺឲ្យក្រុមការងារចុះសិក្សាដោះស្រាយជូន។ ការលើកឡើងពីសំណាក់បងប្អូនថាមានការចំណាយថវិកាលើការតភ្ជាប់ទៅប្រព័ន្ធលូទឹកកខ្វក់ ចេញពីក្នុងផ្ទះរបស់បងប្អូននោះគឺមិនទាន់មានគោលការណ៍ណាមួយឱ្យយកលុយនោះទេ គឺទាមទារឲ្យមានការសិក្សាចុះស្ទាបស្ទង់មតិពលរដ្ឋដើម្បីរាយការណ៍ជូនថ្នាក់ជាតិជាមុនសិន។កន្លងទៅបញ្ហាក្មេងទំនើងបង្ហោះម៉ូតូនៅក្នុងក្រុងកំពង់ចាមត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តដាក់វិធានការចាត់ការបានលើក្រុមទាំងនោះជាបន្តបន្ទាប់ សឹងតែអស់ទៅហើយ។ក្មេងអនាថាដែលដើរតាមសួនច្បារបំផ្លាញនៅទ្រព្យសម្បត្តិសាធារណៈត្រូវបានឲ្យអាជ្ញាធរចុះនាំក្មេងទាំងនោះទៅដាក់នៅកន្លែងដើមវិញជៀសវាងកុំឲ្យមានការវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ បញ្ហាប្រជាពលរដ្ឋលើកឡើងពីទឹកភ្លៀងជ្រាបតាមរបងសាលាបឋមសិក្សាទួលថ្ម ត្រូវបានឲ្យក្រុមការងារចុះសិក្សានិងដោះស្រាយជូន។ មួយវិញទៀតប្រជាពលរដ្ឋក្រីក្ររស់នៅភូមិទី៦ សង្កាត់វាលវង់ ត្រូវបានផ្ដល់ផ្ទះមនុស្សធម៌មួយខ្នងជូន ដោយតម្រូវឲ្យមានដីសម្រាប់សាងសង់នៅលើដីរបស់សាច់ញាតិឬក៏ដីវត្តអារាមជាដើម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី