Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតថៃ មានជំនឿមុតមាំថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាព គណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ពោរពេញដោយសមត្ថភាព ប្រទេសកម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័សជាបន្តទៀត

ភ្នំពេញ ៖​ ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ មានជំនឿមុតមាំថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាព គណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ពោរពេញដោយសមត្ថភាព ប្រទេសកម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័សជាបន្តទៀត។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ឆឺតគៀត អាត់ថាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទោះបីការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រឹមរយៈពេលពីរឆ្នាំក៏ពិតមែន ប៉ុន្តែបេសកកម្មរបស់ឯកឧត្តម បានស្ថិតនៅក្នុងរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា គឺការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តក្នុងខែកក្តដា ឆ្នាំ២០២៣ និងការផ្ទេរការដឹកនាំប្រទេស ពីឥស្សរជនជំនាន់មុនដល់ឥស្សរជនបន្តវេនជំនាន់ក្រោយ ប្រកបដោយភាពរលូន និងគ្មានហិង្សា ខុសពីអតីតកាលដែលឱ្យតែមានការផ្លាស់ប្តូរការដឹកនាំម្តងៗ គឺតែងតែមានហិង្សា ផ្ទុះសង្រ្គាមឬចលាចលកើតឡើង។

ឯកឧត្ដម ឆឺតគៀត អាត់ថាកន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមបាន អបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាដែលបានផ្តល់កិច្ចសហការល្អ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តម បានបញ្ចប់ដោយជោគជ័យ។
ឯកអគ្គរាជរដ្ឋទូតបានលើកឡើងថា ឯកឧត្តមធ្លាប់បានមកបំពេញការងារនៅកម្ពុជាចំនួនពីរ ហើយចំព្រឹត្តិការណ៌ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលធ្វើឱ្យឯកឧត្តមបានទទួលបទពិសោធន៌ និងចំណេះដឹងច្រើន។ លើកទី១ ដែលឯកឧត្តមបានមកនៅគឺ កាលពីឆ្នាំ១៩៩៤ ក្រោយកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ និងលើកទី២ គឺ នៅឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧។ ឯកឧត្តមមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាព គណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ពោរពេញដោយសមត្ថភាព ប្រទេសកម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័សជាបន្តទៀត។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានសម្របសម្រួល ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច នៅប្រទេសថៃកាលពីខែកក្កដា កន្លងទៅ ប្រកបដោយលទ្ធផលផ្លែផ្កា ធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរឹងមាំនិងជិតស្និទ្ធឡើង។

សម្តេចប្រធានបានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃនិងព្រះអម្ចាស់ក្សត្រី បានសព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនោះ និងបានផ្តល់ឱកាសដល់សម្តេចបានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណា ដោយផ្ទាល់ ចំពោះការដែលព្រះអង្គបានប្រោសប្រទាន ដល់ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ បានរស់នៅ និងប្រកបការងារនៅប្រទេសថៃ ទទួលបាននូវការយកចិត្តទុក្ខដាក់ ថែទាំ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរម្យនាពីព្រះអង្គ។ សម្តេចក៏បានថ្លែងអំណរគុណថ្វាយព្រះរាជវង្សានុវង្សនៃប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃជារៀងរាល់ឆ្នាំ ក៏ដូចជាការបើកវិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងមជ្ឈលមណ្ឌលព្យាបាលជំងឺនៅខេត្តរតនគីរីជាដើម។

សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ និងបានបេជ្ញារួមគ្នាខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត លើកកម្ពស់ទំហំពាណិជ្ជ សេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែស្អិតល្មួត បន្ថែមទៀត ក្នុងនោះមានដូចជាយន្តការព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយជាដើម។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងថៃ នៅក្នុងឆ្នាំ២០២៣ បានឈានដល់ជាង ៩ ពាន់លានដុល្លារ ហើយ ប្រទេសទំាងពីរ ប្រាថ្នាចង់ឃើញតួលេខនេះមានការកើនឡើងថែមទៀតរហូតដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ ប្រទេសថៃជាប្រទេសដែលបានវិនិយោគលំដាប់ទី៦ នៅប្រទេសកម្ពុជា ជាមួយគ្នានេះ ចំនួនទេសចរថៃទស្សនាកម្ពុជា ក៏បានជាប់លំដាប់ទី១ ផងដែរ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី រំពឹងយ៉ាងជឿជាក់ថា​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងថៃ​ អាចនឹងសម្រេចបានតាមគោលដៅគ្រោងទុកក្នុងទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ​ នាឆ្នាំ២០២៥ខាងមុននេះ នៅក្នុងខណៈដែលឆ្នាំ២០២៣សម្រចបានជាង៩ពាន់លានដុល្លារ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត​ ឆឺតគៀត អាត់ថាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយបទពិសោធ​ និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួល​ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។

ឯកឧត្តម ឆឺតគៀត អាត់ថាកន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមលើកំណើនសេដ្ឋកិច្ច​ និងទំហំពាណិជ្ជកម្មប្រទសទំាងពីរផងដែរ ជាពិសេសទំនាក់ទំនងកម្ពុជា​ និងថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំហើយនោះ កាន់តែជិតស្និទ្ធ​ និងរឹងមាំឡើង នៅលើគ្រប់វិស័យ នៅក្នុងនោះវិស័យពាណិជ្ជកម្ម ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្មសំខាន់មួយ ហើយចំនួនទេសចរថៃក៏ឈរនៅលំដាប់ទី១ផងដែរ។ ឯកឧត្តមសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាកាន់ច្រើនថែមទៀត នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ជំហរថា​ រដ្ឋសភាកម្ពុជាស្វាគមន៍ជានិច្ចនូវរាល់កិច្ចសហការជាមួយប្រទេសថៃ នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត ឱ្យបានចេញជាលទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ មិនថានៅក្នុងវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នោះទេ។ នៅក្នុងនោះ រួមទាំងការជំរុញ​ និងគំាទ្រនូវយន្តការព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ ជាដើម ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×