Wednesday, October 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ SME និង សាជីវកម្មធានាឥណទានកម្ពុជា CGCC ធានាផ្តល់ឥណទានដល់ម្ចាស់អាជីវកម្មគ្មានទ្រព្យបញ្ចាំ ចាប់ផ្តើមអនុវត្តន៍នៅខែកញ្ញានេះ ផ្តោតលើវិស័យកែច្នៃ កសិឧស្សាហកម្ម និងផលិតកម្ម

ភ្នំពេញ៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឬហៅថា SME Bank បានសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើការធានាផ្តល់ឥណទានដល់ម្ចាស់អាជីវកម្មគ្មានទ្រព្យបញ្ចាំ ដែលត្រូវចាប់ផ្តើមអនុវត្តន៍នៅខែកញ្ញា ឆ្នាំ២០២៤នេះ ដោយផ្តោតសំខាន់លើប្រភេទអាជីវកម្មនៅក្នុងវិស័យកែច្នៃ, កសិឧស្សាហកម្ម និងផលិតកម្ម ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ​

កិច្ចសហការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ដើម្បីផ្តល់ជាដំណោះស្រាយទៅដល់ SMEs ដែលមានបញ្ហាប្រឈមជាមួយនឹងកង្វះខាតទ្រព្យធានានៅពេលស្នើឥណទានពីគ្រឹះស្ថានធនាគារ។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងថា មកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានមានទំហំ ៥០០លានដុល្លារអាម៉េរិករួចហើយ និងកំពុងបន្តប្រតិបត្តិការជាបន្តបន្ទាប់ដល់សហគ្រាសក្នុងស្រុក តាមរយៈយន្តការចំនួនពីរសំខាន់ គឺយន្តការផ្តល់សហហិរញ្ញប្បទានដែលសហការជាមួយធនាគារផ្សេងៗ និងយន្តការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់។

លោកបណ្ឌិត លឹម អូន សង្កត់ធ្ងន់ថា៖ «អ្វីដែលធនាគារ SME ផ្តោតសំខាន់ជាងគេនោះ គឺ SME ស្ថិតក្នុងវិស័យកែច្នៃ និងផលិតកម្មកែច្នៃកសិ-ឧស្សាហកម្ម ស្របពេលដែលគោលបំណងនៃការប្រើប្រាស់ទុនពីកម្ចីធនាគារយើងការប្រើប្រាស់ខុសគោលដៅមិនបានផ្តល់ប្រយោជន៍បែរជាបង្កផលប៉ះពាល់ដល់ពួកគាត់ គឺអាចបង្កើតបំណុលបន្ថែម និងខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

លោកបណ្ឌិត បន្តថា កន្លងមកនេះ ម្ចាស់សហគ្រាសបានលើកឡើងលើកអំពីភាពមិនទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម សម្រាប់ការពង្រីក ឬបង្កើតអាជីវកម្មថ្មីៗបន្ថែមរបស់ខ្លួន ខណៈដែលបញ្ហានេះ SME Bank កំពុងគិតគូរនូវគោលការណ៍មួយចំនួនទៀត គឺការចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រោងអនុវត្តន៍នៅខែកញ្ញានេះ លើការផ្តល់ឥណទានគ្មានទ្រព្យធានាផងដែរ។ សម្រាប់ទំហំដែល SME Bank បានផ្តល់ជូនមានទឹកប្រាក់ត្រឹមតែ ៥ម៉ឺនដុល្លារប៉ុណ្ណោះ ដែលសមល្មមសម្រាប់ការពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។

គួរបញ្ជាក់ថា​ ជាមួយគ្នានោះ វិស័យឯកជន បានស្នើសុំយកទ្រព្យបញ្ចាំជាទ្រព្យសកម្ម សម្រាប់ជាទ្រព្យនៃកម្ចីបន្ថែម ឬវិក្កយប័ត្រលក់ដូរ ដែលមានតម្លៃអាចយកប្រើប្រាស់បាន និងបានស្នើសុំដកអំពីប្រវត្តិអតិថិជន CBC ដោយហេតុថា បច្ចុប្បន្ននេះ ការខូច CBC កើតឡើងស្ទើរគ្រប់អាជីកម្ម ព្រមទាំងស្នើសុំសិក្សាលើមុខរបរ ដែលកំពុងតែមានស្រាប់ និងមានក្រុមជំនាញវាយតម្លៃជាក់ស្តែងដែលនឹងធ្វើឱ្យប្រសើរឡើង៕

×