Monday, October 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ចាយ បូរិន ធ្វើសវនាការជាមួយគណៈប្រតិភូសាសនា វៀតណាម និងឡាវ

ភ្នំពេញ ៖ មុនកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក , នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញធ្វើសវនាការជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការជនជាតិនិងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រធានគណៈប្រតិភូ និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម នៅទីស្តីការក្រសួងធម្មការនិងសាសនា។

នៅរសៀលថ្ងៃដដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសវនាការជាមួយ ព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត ខឿងខឹម កែវនូចាន់ (H.E. Dr. KheungkhamKeonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រធានគណៈប្រតិភូ ។

ក្រសួងធម្មការនិងសាសនា បានប្រកាសថា កម្មវិធីកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអមដោយឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×