ភ្នំពេញ៖ អ្នកជំនាញផ្នែកចំណីអាហារ លោក មៀវ សុខទ្រី ជាប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានលើកឡើងថា និន្នាការនៃការប្រើប្រាស់ផលិតផល និងគ្រឿងផ្សំក្នុងស្រុក ក្នុងការចម្អិនម្ហូបអាហារ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន បាន និងកំពុងកើនឡើង ខណៈគុណភាពផលិតផលក្នុងស្រុក ល្អដូចទៅនឹងផលិតនាំចូលពីបរទេសដែរ។
កម្មវិធី “គ្រឿងផ្សំក្នុងស្រុក អនាគតនៃអាហារ” នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក មៀវ សុខទ្រី បានបញ្ជាក់ថា ការរៀបចំកម្មវិធី “គ្រឿងផ្សំក្នុងស្រុក អនាគតនៃអាហារ”នេះ មានគោលបំណង់លើកកម្ពស់ ការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ដូចជាការប្រើប្រាស់គ្រឿងផ្សំដែលជាវត្ថុធាតុដើមក្នុងស្រុក ជំនួសការនាំចូលទៅក្នុងចំណីអាហារ ហើយក៏ជាឱកាសពិសេសមួយ នៃការជំនួបរវាង ម្ចាស់ភោជនីយដ្ឋាន និងសហសគ្រាសផលិតផងដែរ។
លោក បានប្តេជ្ញាថា នឹងបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ចុងភៅ និងប្រជាពលរដ្ឋទាំងអស់ ឱ្យយល់ដឹងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយដល់ជីវភាពកសិករ ដែលជាអ្នកផលិត ឱ្យកាន់តែមានភាពល្អប្រសើរ។ កម្មវិធីនេះ នឹងជាប្រយោជន៍ដល់សហគ្រាសផលិតក្នុងស្រុក និងម្ចាស់ភោជនីយដ្ឋានទាំងអស់ បានយល់ដឹងបន្ថែមពីគុណតម្លៃដ៏អស្ចារ្យ នៃការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជួយទាំងកសិករខ្មែរ មិនតែប៉ុណ្ណោះក៏ជាចំណែកដ៏ធំ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសផងដែរ។
គួរបញ្ជាក់ថា បើតាម លោក សុង តេង ដែលជាប្រធានសមាគមសហគមន៍ចុងភៅកម្ពុជា បានលើកឡើងថា តាមរយៈការជ្រើសរើសផលិតផល ដែលមានប្រភពក្នុងស្រុក បានជួយដល់កសិករក្នុងស្រុក និងលើកតម្កើងនូវតម្លៃរបស់ម្ហូបខ្មែរ និងធ្វើការជំរុញបន្ថែម នូវការប្រើប្រាស់ផលិតផល និងគ្រឿងទេសរបស់ខ្មែរ ដែលប្រជាកសិករកំពុងដាំដុះ ហើយក៏ជាកត្តាមួយក្នុងការធ្វើឲ្យប្រជាកសិករ មានជីវភាពកាន់តែល្អប្រសើរឡើងផងដែរ៕