ភ្នំពេញ៖ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅភ្នំពេញ ប្រកាសទទួលការដាក់ពាក្យ សុំថវិកាចំនួន ២ លានដុល្លា ជាអំណោយថវិកា រយៈពេលមួយឆ្នាំ សម្រាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើត នៃប្រទេសកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធ ២០១៨ – ២០១៩ ជាមួយនឹងលទ្ធភាព បន្តផ្តល់ថវិកានេះ សម្រាប់ឆ្នាំទី២ទៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក នៅថ្ងៃទី២២ វិច្ឆិកានេះថា ដៃគូដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ត្រូវប្រើបច្ចេកវិជ្ជាទំនើបបំផុត សម្រាប់ដោះ យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីធ្វើឲ្យផ្ទៃដីមានសុវត្ថិភាព សម្រាប់ការធ្វើស្រែ ចំការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។
លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិក បានជួយដល់ការដោះមីន មនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយកេរ ដំណែលនៃសម័យសង្គ្រាម។ ការផ្តល់ថវិកាថ្មីនេះ គឺជាការបន្តនៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយក្នុងការ បោសសំអាតកាកសំណល់ នៃសង្គ្រាម។ យើងកំពុងរកមើល ក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បីឲ្យមកជួយដោះយុទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅភាគខាងកើត នៃប្រទេសកម្ពុជា”។
កាលបរិច្ឆេទ នៃការទទួលពាក្យសុំ គឺថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៨។ សហរដ្ឋអាមេរិក បានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លារមកហើយ នៅក្នុងរយៈពេល ២ទសវត្សរ៍កន្លងទៅនេះ ដើម្បីរកមើលនិងដោះចេញ មិនត្រឹមតែយុទ្ធភណ្ឌ មិនទាន់ផ្ទុះរបស់អាមេរិក នៅភាគខាងកើត នៃប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរបស់ប្រទេសចិន វៀតណាម និងអតីតសហភាពសូវៀត ផងដែរ នៅតាមតំបន់ដទៃទៀត នៃប្រទេសកម្ពុជា ដែលបណ្តាលឲ្យ មានការស្លាប់និងរបួស ចំនួនប្រហែល ៩០% នៃការស្លាប់ និងរបួស ដែលបណ្តាលមកពីកាកសំណល់នៃសង្គ្រាម៕ដោយ៖បញ្ញាស័ក្តិ