ស្ទឹងត្រែង៖ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង ។នេះបើតាមការចេញផ្សាយព័ត៌មានលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នាថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៤នេះ។
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ វារីអគ្គិសនីសេសានក្រោម២ត្រូវបាន សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងស្ថិតក្នុងខេត្តស្ទឹងត្រែងគឺមានសមត្ថភាព ផលិតថាមពលអគ្គីសនីបានដល់ទៅ៤០០មេហ្កាវ៉ាត់ ក្រោមការវិនិយោគរួមគ្នាដោយក្រុមហ៊ុនចំនួនបី ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៨០០លានដុល្លារអាមេរិក។
ក្រុមហ៊ុនទាំងនោះរួមមាន Hydrolancang International Energy របស់ប្រទេសចិនមានភាគហ៊ុនប្រមាណជា ៥១ ភាគរយ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន៣៩ ភាគរយ និងក្រុមហ៊ុនរបស់វៀតណាមឈ្មោះថា Vietnam Electricity (EVN) មានភាគហ៊ុន១០ ភាគរយ។
គម្រោងវិនិយោគខាងលើនេះទៀតសោតគឺត្រូវបានសាងសង់ឡើងក្រោមទម្រង់« សាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាលឬ BOT (build–operate–transfer) » សម្រាប់រយៈពេលសម្បទានរហូតដល់ទៅ៤៥ឆ្នាំ។
ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចតេជោ ហ៊ុន សែនបានឲ្យដឹងថាវារីអគ្គិសនីសេសានក្រោម២គឺនឹងផ្តល់ការងារនិងមុខរបរជាច្រើន ដល់ប្រជាពលរដ្ឋព្រមទាំងចំណូលពន្ធដាររដ្ឋផងដែរ។ ជាងនេះទៅទៀត វារីអគ្គិសនីនេះនឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនតម្លើងតម្លៃអគ្គីសនីទេ គឺសិក្សារស្រាវជ្រាវដើម្បីបញ្ចុះតម្លៃអគ្គីសនី»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី