ខេត្តព្រះសីហនុ៖ (ខ្លឹមសារទាំងស្រុងរបស់ប្រជាពលរដ្ឋ) សួស្តីបងប្អូន ខ្ញុំសូមបញ្ចេញមតិទាក់ទង នឹងការកៀងគរថវិកាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុបន្តិចបានទេ ដោយសារខេត្តយើងពិតជាខ្វះខាតថវិកា សម្រាប់កសាងពិតមែន នេះជាការបញ្ចេញមតិ ឬជាគន្លឹះបន្តិចបន្តួច សម្រាប់ប្រើប្រាស់នាថ្ងៃណាមួយ។
ខ្ញុំសូមជូនជាយោបល់បន្ថែមទាក់ទងនឹងការកៀងគរថវិកា៖
១. រកទីប្រឹក្សាពូកែខាងសេដ្ឋកិច្ចសម្រាប់លើកគម្រោងដាក់ជូនរដ្ឋាភិបាល សម្រាប់កម្ចីពី JICA ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ឬ ធនាគារជាតិ នៃកម្ពុជា។
២. ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំថវិការ ៣ឆ្នាំមុន ខណៈពីរឆ្នាំក្រោយមិនយកនោះទេ។
៣. បង្កើតមូលនិធិកៀងគរថវិកា សម្រាប់ការអភិវឌ្ឍន៍ខេត្តដូចជា៖ ១០,០០០រៀល សម្រាប់ផ្លូវស្អាត បរិស្ថានស្អាត ប្រជាជនតែ ១០ម៉ឺននាក់។
៤. សូមអោយអ្នក ដែលស្នើសុំគោរមងារជាឧកញ៉ា ងាកមកសាងសង់ផ្លូវក្នុងខេត្ត ហើយដាក់ឈ្មោះផ្លូវនោះជា របស់គាត់ ខណៈ ដែលឧកញ៉ា ក្នុងខេត្តមានចំនួនកើនឡើងគួរអោយកត់សម្គាល់។
៥. ជួលដីសម្រាប់វិនិយោគផ្សារ សណ្ឋាគារ រីសតផ្សេងៗ ដូចជាការជួលដីកំពង់ផែភ្នំពេញ។
៦. ការដោះដូរទីតាំងមួយចំនួនសម្រាប់យកមកអវិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រកាសជាសាធារណៈដល់ប្រជាជន ហើយធានាបានអំពីតម្លាភាព និងគណនេយ្យភាព នៃទឹកប្រាក់ដោះដូរទាំងនោះ។
៧. ទាមទារថ្លៃអាជ្ញាប័ណ្ណខ្ពស់សម្រាប់រថយន្តដឹកដី បេតុង និងរថយន្តដឹកគ្រឿងសំណង់ និយាយរួមរថយន្ត ដែលបង្កការខូចខាតធ្ងន់ធ្ងរដល់ផ្លូវ។
៨. សំណូមពរដល់ម្ចាស់អាគារធំៗ ឧបត្ថម្ភដល់ការជួសជុលផ្លូវថ្នល់ដោយហេតុថា ផ្លូវខូចដោយសារការដឹកគ្រឿងសំណង់ ក្នុងការដ្ឋាន របស់ពួកគាត់មួយផ្នែក ។
នេះជាការយល់ឃើញរបស់ខ្ញុំ បើមានឆន្ទៈពិត និងមានការចូលរួមទាំងអស់គ្នា ពិតជាអាចធ្វើបានដោយរលូន៕ ដោយ ៖ ដែនសីមា