Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ជំនួយ៥៥ លាន​ដុល្លារអាមេរិក​ សម្រាប់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

ភ្នំពេញ ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន រួមជាមួយនិងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះហត្ថលេខាលើលិខិតប្តូរសារផ្តល់ឥណទានសម្បទានសម្រាប់ “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយរាជធានីភ្នំពេញ ដំណាក់កាលទី ២ (លើកទី៣)។ រដ្ឋាភិបាលជប៉ុននឹងបន្តរួមចំណែកក្នុងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញ។

នៅទីស្តីការរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤​មានការ​ចុះហត្ថលេខា​លើលិខិត​ប្តូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន ឬប្រមាណ ៥៥ លាន​ដុល្លារអាមេរិក​សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២)។

ពិធីចុះហត្ថលេខាធ្វើឡើងរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា។

ក្រសួងការបរទេសបានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសជប៉ុន ដើម្បី​ជួយដល់​កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក​កម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ការផ្តល់​​ឥណទាន​សម្បទាននេះ ក៏នឹងជួយពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» រវាងប្រទេសទាំងពីរផងដែរ ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបាន​បន្តគាំទ្រ និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×