រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានទទួល ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារជាមួយ ឯកឧត្ដម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង គោលបំណងដើម្បីពិនិត្យ សក្តានុពលក្នុង ការ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងលើវិស័យអប់រំ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានអបអរសាទរដែល ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ត កាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងភាពជោគជ័យនៃការប្រារព្ធ SEA Games-ASEAN Para Games នាឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរលើវិស័យអប់រំ រវាង កម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន ជាអាទិ៍វិស័យពាណិជ្ជកម្ម។
ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានរំលឹកពីប្រវត្តិនៃប្រទេសប៉ាគីស្ថាន និងវិស័យអប់រំដែលមានភាពស្រដៀងគ្នាទៅនឹងកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងផលវិបាក និងគុណភាពអប់រំនៅតំបន់ជនបទ ដូចជាបញ្ហាលើសខ្វះគ្រូ និងសិស្សជាដើម ក៏ដូចជាបានលើកឡើងពីកិច្ចសហការរវាងប៉ាគីស្ថាន និងកម្ពុជាជាយូរមក ដែលប្រទេសទាំងពីរមិនចាប់យកឱកាសសហការឱ្យបានរឹងមាំ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា សង្ឃឹមថា ថ្ងៃនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ ដូចជាការផ្តល់នូវអាហារូបករណ៍ កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្ដូរវប្បធម៌គ្នា ការអភិវឌ្ឍន៏យុវជន និងកីឡាផងដែរ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សូមសម្តែងនូវសេចក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ ដែលជួយក្នុងការអភិវឌ្ឍន៍គុណភាពអប់រំ យុវជន និងកីឡា។ ឯកឧត្តមសូរំលឹកពីប្រវត្តិនៃសហគមន៍មូស្លីមនៅកម្ពុជា ហើយបានលើកឡើងថាសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានតំណាងសម្រាប់សហគមន៍មូស្លីម។ បន្ថែមពីនេះឯកឧត្តមសូមណែនាំឱ្យក្រុមការងារ រៀបចំគម្រោងផ្សេងៗ ដើម្បីពង្រឹងកិច្ចសហការអប់រំ យុវជន និងកីឡា ក្នុងន័យនេះ ជាក្តីរំពឹងថានឹងជំរុញកិច្ចសហការបន្ថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសឱកាសក្នុងការអប់រំ និងគុណភាពអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នា និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី