Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា សុមេធី ៖ ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ធ្វើឱ្យកុមារអាចចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ ខាងមុខ

ភ្នំពេញ ៖ ឯកឧត្តម ជា សុមេធី បានថ្លែងថា «ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ គឺដើម្បីបន្ត ផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ខាងមុខ និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅរបស់ពួកគេ»។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ គឺដើម្បីបន្តផ្តល់ការលើកទឹកចិត្តឱ្យកុមារចុះឈ្មោះចូលរៀនបានទាន់ពេលវេលានៅដើមឆ្នាំ២០២៥ខាងមុខនេះ និងបន្តការសិក្សារហូតដល់ចប់មធ្យមសិក្សាចំណេះទូទៅរបស់ពួកគេ ដែលការឧបត្ថម្ភនេះមានវិសាលភាពគ្របដណ្តប់លើសិស្សានុសិស្ស ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ និងកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមាន បណ្ណសមធម៌នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះបានផ្តល់អនុសាសន៍មួយចំនួនទៅដល់មន្ត្រីក្រោមឱវាទក្រសួង និងផ្នែកពាក់ព័ន្ធ៖
(១) ស្នើរសុំក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការគាំទ្រ និងសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធីដើម្បីធានាបាននូវសង្គតិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ និងនិរន្តរភាពនៃកម្មវិធី។
(២) រដ្ឋបាលរាជធានី ខេត្ត សូមបន្តជំរុញការអនុវត្តការផ្សព្វផ្សាយ និងពិនិត្យតាមដានជាប្រចាំ ដើម្បីធានាថា គ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកងាយរងគ្រោះទទួលបានអត្ថប្រយោជន៍ពីកម្មវិធី។
(៣) មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរផែនការ មន្ទីរសុខាភិបាល និងសាខាមូលនិធិជាតិជំនួយសង្គម ត្រូវសហការគ្នាឱ្យបានស្អិតរមួត និងសម្របសម្រួលផ្តល់ការគាំទ្រឱ្យបានពេញលេញដល់តួអង្គប្រតិបត្តិករនៅថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដំណើរការទៅដោយរលូន និងប្រក្រតី។
(៤) ប្រសិនបើត្រូវការការគាំទ្រ ឬអន្តរាគមន៍ចាំបាច់ សូមរាយការណ៍បន្ទាន់តាមដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធានាដល់ការដោះស្រាយឱ្យបានទាន់ពេលវេលា ។
(៥) សូមរាយការណ៍អំពីលទ្ធផលជាប្រចាំ ស្របតាមយន្តការដែលបានអនុវត្តកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដើម្បីឱ្យសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌អាចមកចុះឈ្មោះចូលរួមទទួលផលពីកម្មវិធីបានគ្រប់ៗគ្នា គឺទាមទារឱ្យមានការពង្រឹងបន្ថែមទាំងយន្តការគ្រប់គ្រង សមត្ថភាព ការផ្សព្វផ្សាយ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក៏ដូចជាក្រុមគោលដៅ ទើបអាចឈានទៅសម្រេចជោគជ័យបាន ហើយថាចំពោះវត្តមានរបស់អ្នកចូលរួមក្នុងសិក្ខាសលានៅថ្ងៃនេះ វាមិនមែនជាការចៃដន្យនោះទេ គឺត្រូវបានកំណត់យ៉ាងច្បាស់ថា ជាតួអង្គសំខាន់ៗ ក្នុងការរួមចំណែកសម្រេចបាននូវភាពជោគជ័យ សម្រាប់ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារទាំងមូល។

ក្នុងឱកាសនេះ ឯកឧត្តម ជា សុមេធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកន្លងមក ដែលបានផ្តល់ឱកាសឱ្យកុមារបានចុះឈ្មោះចូលរៀន មករៀនទៀងទាត់ ព្រមទាំងបានបង្កើនគុណភាពអប់រំនៅគ្រប់កម្រិតសិក្សាបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្សក្នុងគ្រួសារមានបណ្ណសមធម៌ ក៏មិនបានកាត់ផ្តាច់ទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡានោះដែរ ដោយគ្រាន់តែបង្វែរការបើកផ្តល់សាច់ប្រាក់ឱ្យមកស្ថិតក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ហើយក្រសួងអប់រំ យុវជន និងកីឡា នៅតែដើរតួយ៉ាងសំខាន់លើការងារបច្ចេកទេសអប់រំ និងការអនុវត្តលក្ខខណ្ឌដដែល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×