Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ទន្លេមេគង្គ ទន្លេ​សេកុង និង​ទន្លេសេសាន នឹង​បន្ដ​ជន់​ឡើង ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១៦ បេប៊ីន​កា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ទឹក​ទន្លេមេគង្គ ទន្លេ​សេកុង និង​ទន្លេសេសាន នឹង​បន្ដ​ជន់​ឡើង ដោយសារ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦ ឈ្មោះ បេប៊ីន​កា ដែល​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ ពី​មធ្យម​ទៅ​ច្រើន​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង ស្ដីពី​ការ​ព្យាករ​កម្ពស់​ទឹកទន្លេ ។​

​ក្រសួង​ធនធានទឹក​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ បានឲ្យដឹងថា បន្ទាប់ពី​ធ្វើ​ការតាមដាន​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​កម្ពស់​ទឹកជំនន់​រួចមក ឃើញថា ឥទ្ធិពល​របស់​ព្យុះ​ទី​១៦ បេប៊ីន​កា (BEBINCA) បាន​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពី​មធ្យម​ទៅ​ច្រើន នៅក្នុង​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង របស់​ទន្លេមេគង្គ ទន្លេ​សេកុង និង​ទន្លេសេសាន ធ្វើឲ្យ​ទឹកទន្លេ​ទាំងនេះ​នេះ​ជន់​ឡើង​។​

​ក្រសួង​ធនធានទឹក ក៏​បាន​បញ្ជាក់ថា យោង​តាម​ការព្យាករណ៍ ទឹកទន្លេ​នឹង​បន្ត​ហក់​ឡើង​បន្ថែមទៀត រហូត​ដល់​កម្ពស់ ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់​កម្ពស់ ១១,០០​ម៉ែត្រ នា​ថ្ងៃ​ទី​២២ ខែ​សីហា (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០​ម៉ែត្រ​) ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​កើនឡើង​ដល់​កម្ពស់ ២២,២០​ម៉ែត្រ នា​ថ្ងៃ​ទី​២៣ ខែ​សីហា (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០​ម៉ែត្រ​) ទឹក​ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​ឡើង​ដល់​កម្ពស់ ១៥,៤៥​ម៉ែត្រ នា​ថ្ងៃ​ទី​២៤ ខែ​សីហា (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០​ម៉ែត្រ​) ទន្លេបាសាក់​-​ចតុមុខ រាជធានី​ភ្នំពេញ ទឹក​អាច​កើនឡើង​ដល់​កម្ពស់ ៩,៩០​ម៉ែត្រ នា​ថ្ងៃ​ទី​២៥ ខែ​សីហា (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៥០​ម៉ែត្រ​) ទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប និង​បឹង​ទន្លេសាប ទឹក​នឹង​បន្ដ​កើនឡើង​សន្សឹមៗ​បន្ថែមទៀត និង​ទន្លេសេកុង ទន្លេសេសាន ទឹក​អាច​នឹង​ស្រក​ចុះ​វិញ ក្នុងអំឡុង​២-៣​ថ្ងៃ​ខាង​មុខ​។​

​ក្រសួង​ធនធានទឹក ក៏​អំពាវនាវ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ បង្កើន​ការយកចិត្តទុដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀងវាង​នូវ​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​៕ ​ដោយ​៖​កូឡាប​

 

×