Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសិទ្ធិមនុស្សកម្ពុជា៖ វិធានការចាប់និងបញ្ជូនខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោងតែប៉ុណ្ណោះ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារនៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះ រៀបចំឡើងក្នុង គោលបំណងបង្ហាញពីមូលដ្ឋានជាក់លាក់ ក្នុងការដាក់ចេញនូវវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីមូលហេតុ នៃចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយសារអាជ្ញាធរបានរកឃើញភស្តុតាងរឹងមាំនិងជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និង ឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀត រួមទាំងរូបភាព និងសារសំឡេង ដែលក្រុមនេះបានត្រៀមរៀបចំ ព្រមទាំង ការកំណត់គោលដៅជាក់លាក់សម្រាប់ការវាយប្រហារ តួយ៉ាងដូចជា ផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ ផ្អែកលើភស្តុតាងទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់បុគ្គលទាំង នោះ គឺមានផែនការគិតទុកជាមុនច្បាស់លាស់ ក្នុងគោលបំណងផ្តួលរំលំរបបរាជានិយម និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ហេតុនេះ វិធានការរបស់អាជ្ញាធរ ដើម្បី ថែរក្សាស្ថិរភាពសង្គម សណ្តាប់សាធារណៈ និងសន្តិសុខជាតិ គឺធ្វើឡើងដោយស្របតាមច្បាប់ និងនីតិវិធី ជាធរមាន។ ម្យ៉ាងវិញទៀត វិធានការចាប់និងបញ្ជូនខ្លួនទៅតុលាការតាមនីតិវិធី ធ្វើឡើងចំពោះតែមេក្លោង តែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់ពួកមេក្លោង ត្រូវបានអាជ្ញាធរអប់រំណែនាំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។

ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម Igor Driesmans បានបង្ហាញនូវចំណាប់អារម្មណ៍ថា រាល់កិច្ចសន្ទនាជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី តែងតែមានលក្ខណៈបើក ចំហក្នុងន័យស្ថាបនានា ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ថា កិច្ចសន្ទនាបែបនេះនឹងនាំមកនូវប្រសិទ្ធភាព ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមនឹងបន្តគាំទ្រ និងជំរុញបន្ថែមដើម្បីទាក់ទាញការវិនិយោគ ឱ្យកាន់តែច្រើនពីអឺរ៉ុបមកកម្ពុជា រួមទាំងខិតខំជំរុញ ឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងអឺរ៉ុប ក្នុងអាណត្តិ ការងាររបស់ឯកឧត្តម។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបង្ហាញពីការយល់ឃើញមិនស្របគ្នាខ្លះជាមួយនឹង អាជ្ញាធរកម្ពុជា ចំពោះការអនុវត្តច្បាប់លើករណីមួយចំនួននាពេលថ្មីៗនេះ ជាពិសេស ការឃាត់ខ្លួនយុវជន បីនាក់ក្នុងពេលមកចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយសហភាពអឺរុប ដោយឯកឧត្តមបានសំណូមពរ ឱ្យធ្វើការពិនិត្យពិចារណាលើករណីនេះ ក៏ដូចជាករណីមួយចំនួនទៀតផងដែរ ដើម្បីបង្រួមគម្លាតនៃការយល់ ឃើញមិនស្របគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារតួនាទីភារកិច្ចនិងការទទួលខុសត្រូវ ផ្សេងៗគ្នា ជាសត្យានុម័ត នឹងនាំឱ្យមានការយល់ឃើញមិនស្របគ្នាលើបញ្ហាខ្លះ តែតាមរយៈការជួបជជែក ពិភាក្សាគ្នា នឹងនាំឱ្យមានការយល់ពីគ្នាកាន់តែច្បាស់ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែល បានបញ្ជាក់ពីគោលជំហរមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការជួយទាក់ទាញ អ្នកវិនិយោគបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីគម្រោង រៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទរទិវា សិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ផង និងដើម្បីការងារមនុស្សធម៌ផង ហើយ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូតចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានប្រគល់ សេចក្តីបំភ្លឺរបស់ គ.ស.ម.ក. ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ដោយគ្មានមូលដ្ឋានរបស់អង្គការ ASEAN Paliamentarians for Human Rights (APHR) កាលពីពេលថ្មីៗនេះ ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បី ជ្រាបជាព័ត៌មាននិងទុកជាឯកសារ ៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×