តាកែវ៖ ឯកឧត្តម ឡាយ វណ្ណៈអភិបាលខេត្តតាកែវ បានថ្លែងថា បន្ទាប់កើតមាននៅករណីគ្រោះថ្នាក់ចរាចរណ៍ចំពោះរថយន្តដឹកកម្មកររោងចក្រជាញឹកញប់ហើយបង្ករគ្រោះថ្នាក់ដល់កម្មករកម្មការិនីជាច្រើននោះ ឯកឧត្តមនិងចាត់អោយកំលាំងជំនាញនគរបាលចរាចរណ៏ផ្លូវគោក ធ្វើការចុះពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកកម្មកររោងចក្រទាំងអស់នៅទូរទាំងខេត្ត ដើម្បីធានាអោយបាននៅសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលជាកម្មករ កម្មរិនីរោងចក្រ ។
ករណីក្រឡាប់រថយន្តដឹកកម្មករនេះគឺបណ្តាលមកពីការដឹកលើសទំងន់ នៃចំនួនមនុស្ស ទើបធ្វើអោយដាច់ម៉ែត្រចង្កូតរថយន្ត ក្រឡាប់ធ្លាក់ចូលស្រែតែម្តង ហើយបានបង្កគ្រោះថ្នាក់ដល់កម្មករ កម្មការិនីជាច្រើននាក់ ដូច្នេះកំលាំងជំនាញចរាចរណ៏ផ្លូវគោក ត្រូវតែរៀបចំត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញលើម្ចាស់យានយន្តដែលដឹកកម្មកររោងចក្រទាំងនោះអោយគ្រប់រថយន្តទាំងអស់ នៅតាមរោងចក្រ និងឈានទៅធ្វើការពិនិត្យដល់គេហដ្ឋានផ្ទាល់តែម្តង ។ ចំពោះការពិនិត្យលក្ខណៈបច្ចេកទេសនោះដែរ បើសិនជារថយន្តនោះមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ទៅតាមស្តង់ដារនោះទេ គឺមិនត្រូវអនុញ្ញាតអោយបើកបរដឹកកម្មករកម្មរិនីនោះឡើយ ព្រោះវាមានហនិភ័យខ្ពស់លើសុវត្តិភាពរបស់ពួកគាត់ ។
ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខដល់កម្មករកម្មរិនីរោងចក្រដែលជួបហេតុការគ្រោះថ្នាក់ចរាចរណ៏ ក្រឡាប់រថយន្តបណ្តាលអោយមនុស្សម្នាក់ស្លាប់ និង១១៤នាក់រងរបួសធ្ងន់ស្រាល នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាទីនារសៀលថ្ងៃទី ២២ វិច្ឆិកា ២០១៧ នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់យានយន្តដែលប្រកដរបរជាតៃកុងឡានដឹកកម្មករនោះត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យអោយបានគ្រប់ជ្រុងជ្រោយលើលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន បើសិនជាម្ចាស់យានយន្តមិនបានធ្វើការពិនិត្យនោះទេ នៅពេលដែលសមត្ថកិច្ចជំនាញចុះទៅដល់កន្លែង ហើយពិនិត្យឃើញថា រថយន្តរបស់អស់លោកមិនមានលក្ខណៈគ្រប់គ្រាន់ទៅតាមស្តង់ដារនោះ គឺសមត្ថកិច្ចជំនាញនិងមិនអនុញ្ញាតអោយម្ចាស់យានយន្តទាំងនោះបើកបរដឹកកម្មករកម្មការិនីតទៅទៀតនោះឡើយ ពីព្រោះអាយុជីវិតរបស់មនុស្សជាច្រើននាក់ឋិតនៅលើដៃចង្កូតម្ចាស់យានយន្តទាំងនោះ ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានសំដែងនៅការសោកស្តាយយ៉ាងខ្លាំងជាមួយនិងហេតុការគ្រោះថ្នាក់ចរាចរណ៏ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនេះ ដែលបណ្តាលអោយកម្មការិនីម្នាក់បានស្លាប់ដោយសារផ្អើលជាន់គ្នា និងរបួសធ្ងន់ស្រាល ចំនួន ១១៤នាក់ ។
សូមបញ្ជាក់ផងដែរថា ចំពោះកម្មកររោងចក្រដែលរងគ្រោះនោះក្នុងហេតុការខាងលើ គឺឯកឧត្តមឡាយ វណ្ណៈ បាននាំយកនៅថវិការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីស្តីទី ប្រចាំការទីស្តីការគណរដ្ឋមន្ត្រី បិន ឈិន រួមជាមួយនិងអំណោយរបស់សាខាកាកបាទក្រហមខេត្តតាកែវ យកមកចែកជូនដល់កម្មករ កម្មរិនីចំនួន ១១៤នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ដោយចែកថវិការ ក្នុងមួយនាក់ទទួលបានប្រាក់ ១០ម៉ឺនរៀល ទឹកដោះគោឆៅមួយយួរផងដែរ៕ តាកែវ