Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី៣រូប បើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ។ ពិធីនេះដោយមានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីដោយ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ និងការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឡើង ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យស្រូវអង្ករទាំងក្នុង និងក្រៅប្រទេស និងបង្កើតឱកាសដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយបន្ថែមដល់សាធារណជន និងធុរជនទាំងអស់ឱ្យបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ពីសក្ដានុពល និងកាលានុវត្តភាពជាពិសេសក្នុងវិស័យស្រូវអង្ករកម្ពុជា សំដៅទាក់ទាញវិនិយោគិន ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងជាពិសេសលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ និងម៉ាកច្បាស់លាស់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងន័យបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយសាជីវកម្ម COFCO នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការនាំចេញអង្ករចំនួន ៥០០ ០០០តោន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួន ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា ដោយក្នុងនោះរួមមានការពិភាក្សាការងារ ស្តីពីការរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង៖ (១). កម្ពុជា និងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) (២). កម្ពុជា និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន (Philippines International Trading Corporation – PITC) (៣). កម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការនាំចេញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី ក្នុងបរិមាណ ២៥ម៉ឺនតោន ក្នុងរយៈពេល ៤ឆ្នាំ តាមការព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងទៅ និង (៤). កម្ពុជា និង Guangdong- Hong Kong – Macao Great Bay Area (GBA)

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ នៃអង្គវេទិកាដូចខាងក្រោម៖ (១). បន្តសហការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនហ្រ្គីនត្រេដ ក្នុងការចូលរួមរក្សាបាននូវសន្តិសុខស្បៀង និងសម្របសម្រួលសម្រាប់ការផ្គត់ផ្គង់និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ (២). ចូលរួមប្រតិបត្តិការពាណិជ្ជកម្មតាមបណ្តាព្រំដែនស្របច្បាប់ ប្រកបដោយក្រមសីលធម៌និងតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់និងរក្សាបានកេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ (៣). ចូលរួមលើកកម្ពស់ និងការការពារកម្មសិទ្ធិបញ្ញា តាមរយៈការកសាងនិងជំរុញផ្សព្វផ្សាយម៉ាក ជាពិសេសម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា (៤). សហការគ្នា និងស្វែងរកមតិកែលម្អពីភាគីពាក់ព័ន្ធ និងអនុវត្តវិធានការចាំបាច់នានា ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាព រក្សាទីផ្សារដែលមានស្រាប់និងពង្រីកទីផ្សារថ្មីបន្ថែម (៥). បន្តកិច្ចសហការជាប្រចាំ ជាមួយអ្នកនាំចូលអង្ករទាំងអស់ដែលជាដៃគូធ្វើពាណិជ្ជកម្មរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×