Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី សូមអំពាវនាវឱ្យវិស័យឯកជន ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់ និង ខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អនៃស្រូវអង្កររបស់កម្ពុជា

ភ្នំពេញ ៖សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជដ្ឋាភិបាលបន្តលើកស្ទួយ និងពង្រឹងវិស័យកសិកម្ម ដោយលើកស្ទួយផលិតកម្មកសិកម្ម​ ការដាក់ពង្រាយមន្រ្ដីកសិកម្មនៅតាមឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ « ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព » ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យ ស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។ រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន ២១២ គោលដៅ លើបរិមាណប្រមាណជាង ៦,៦ លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និង វិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែល មានបទពិសោធន៍ និង កាន់កាប់ទីផ្សារ ក្នុងរយៈពេលយូរឆ្នាំក៏ដោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ មាន ប្រសាសន៍ថា​ រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ប្រជាជនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជដ្ឋាភិបាលអាណត្តិទី៧នេះ បន្តដាក់ចេញនូវការអនុគ្រោះជាច្រើនដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាពន្ធអាករនៅក្នុងស្រុក និងការនាំចេញ ការសម្រួលការបញ្ចុះថ្លៃអាគ្គិសនីនៅក្នុងវិស័យកសិកម្ម និងកំពុងពិនិត្យដើម្បីផ្ដល់ការអនុគ្រោះលើវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យជ្រើសរើសមន្ត្រីកសិកម្មរហូតដល់១ពាន់នាក់ នៅឆ្នាំក្រោយ ដើម្បីពន្លឿនដល់ការសម្របសម្រួលការងារកសិកម្មនៅតាមភូមិ​ ឃុំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម ខណៈបងប្អូនប្រជាពលខ្មែរភាគច្រើនប្រកបមុខរបរកសិកម្មនោះ។

រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្ម, ម្យ៉ាង ដោយសារថា យើងមានប្រជាពលរដ្ឋជាច្រើន ដែលប្រកបរបរកសិកម្ម, និង ម្យ៉ាងទៀត កម្ពុជា មានទាយជ្ជទានគាប់ប្រសើរពីធម្មជាតិ, ជាពិសេស លើកត្តាទឹកដី ដែលអាចផ្ដល់នូវកសិផល ឥតដាច់ សម្រាប់ជាស្បៀងអាហាររបស់ពលរដ្ឋផង និង សម្រាប់ការជួញដូររកកម្រៃផង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានានេះ គឺជាមោទនភាព និងបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានជួយជាច្រើនសម្រាប់វិស័យស្រូវអង្ករ មានដូចជាការឧបត្ថម្ភទន់សម្រាប់កសិករ ហើយអនុគ្រោះពន្ធមួយចំនួនទៀតសម្រាប់វិស័យឯកជនដែលរកស៊ីលើវិស័យស្រូវអង្ករ។

រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យ ស្រូវអង្ករនេះ និង បានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និង ការនាំចេញអង្ករ, ហើយទន្ទឹមនេះ, ការនាំ- ចូលបរិក្ខារកសិកម្ម និង គ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង ដោយពន្ធ និង អាករជាបន្ទុករបស់រដ្ឋ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១,០០០នាក់ ដើម្បីជួយដល់កសិករ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីកសិកម្មមិនរីកទេ តែត្រូវរកវិធីធ្វើយ៉ាងណាឱ្យការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានទីផ្សារជាច្រើន ដែលយើងអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយ មិនជាប់ពន្ធនាំចូលនោះឡើយ ហើយច្បាប់វិនិយោគថ្មីរបស់យើង ក៏បានផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជនក្នុងការកែច្នៃ សម្រាប់នាំចេញ, ជាពិសេសការកែច្នៃដែលប្រើប្រាស់ប្រភពធនធានវត្ថុធាតុដើមក្នុងស្រុក។

នៅពេលដែលវិស័យឯកជនមានលទ្ធភាពធានាគុណភាពត្រឹមត្រូវ ហើយអាចជ្រៀតចូលទៅដល់ទីផ្សារនៅបស្ចិមប្រទេស, ខ្ញុំជឿជាក់ថា ពុំមានទីផ្សារណាដែលយើងចូលពុំចុះនោះទេ ដរាបណាយើងទទួលបាននូវការផ្ដល់តម្លៃសមរម្យ ដល់ផលិតផល របស់យើង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះវឌ្ឍនភាពនៃសហគមន៍កសិកម្មទំនើប និងមានបំណងចុះពិនិត្យដោយផ្ទាល់ផងដែរ។

សម្តេចធិបតី សូមអំពាវនាវឱ្យវិស័យឯកជន និង តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និង ស្ថិរភាព ផ្គត់ផ្គង់, និង ខិតខំជួយ ការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×