ភ្នំពេញ ៖ នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ឯកឧត្តមពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាងនៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុតដែលឯកឧត្តមបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយដែលឯកឧត្តមបានបញ្ចប់ការងារការទូតនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី






