ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងសុខាភិបាលរៀបចំវេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត មហាវិថីព្រះមុនីវង្ស។
លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនគឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ខណៈដែលក្រសួងសុខាភិបាលជាស្ថាប័នជំនាញ និងអនុវត្ត ដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារសំខាន់នោះ។
ដើម្បីអ្នកសារព័ត៌មានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានគោលដៅនោះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាលរៀបចំវេទិកាដូចប្រធានបទខាងលើដើម្បី ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសុខាភិបាលបង្ហាញអំពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍន ភាពការងារសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យជាអាទិភាពនេះ សំខាន់ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យសំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿរបស់ប្រជាជន។
អ្នកសារព័ត៌មានក៏អាចលើកជាសំណួរទាក់ទងកម្មវិធីការងារជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរួមទាំងសំណួរមួយចំនួនទៀត ដែលមានសារៈប្រយោជន៍ដល់ការលើកកម្ពស់ សុខុមាលភាពប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










