ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ បានចូលរួមកិច្ចប្រជុំស្តីពី ការពង្រឹងការងារគ្រប់គ្រង ដែលបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំនោះ ព្រមទាំងមានសំណេះសំណាល និងមតិណែនាំដល់មន្ត្រី គ.ជ.ប ដែលមានខ្លឹមសារជាអាទិ៍ដូចខាងក្រោម ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា តាងនាម គ.ជ.ប និងក្នុងនាម ឯកឧត្តមផ្ទាល់ ឯកឧត្តមពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុង កម្មវិធីបិទកិច្ចប្រជុំណែនាំស្តីពី “ការពង្រឹងការងារគ្រប់គ្រង” ជូនដល់ប្រធាន អនុប្រធាន និងប្រធាន ផ្នែកទាំងបីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតនាឱកាសនេះ។ ផ្អែកតាមរបាយការណ៍ បូកសរុបលទ្ធផលនៃកិច្ចប្រជុំណែនាំរបស់ឯកឧត្តមអគ្គលេខាធិការរង គ.ជ.ប ឯកឧត្តមប្រធាន គ.ជ.ប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំណែនាំ ដែលបានប្រព្រឹត្តទៅដោយរលូនតាម កម្មវិធីកំណត់ ហើយសិក្ខាកាមទាំងអស់ក៏មានការយល់ដឹងច្រើនអំពីការងារគ្រប់គ្រង ដែលរួមមាន ការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារប្រតិបត្តិការ គ្រប់គ្រងទិន្នន័យ និងសេវាកម្មច្បាប់ ព្រមទាំង ការងារបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដែលជាការងារស្នូលនៃប្រតិបត្តិការ ការងាររបស់ស្ថាប័ន គ.ជ.ប ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងឡាយតាមកំណត់ច្បាប់។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍បន្តថា ចាប់តាំងពីឯកឧត្តមត្រូវបាន សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធាន គ.ជ.ប និង ចូលកាន់តំណែងក្នុងអាណត្តិដំបូងជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបាន ធ្វើការប្តេជ្ញាថា រូបខ្ញុំនឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័ន គ.ជ.ប និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ក្នុងឱកាសចូលកាន់តំណែងសមាសភាព គ.ជ.ប អាណត្តិថ្មី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបានលើកឡើងថា “ទោះបីជាក្នុងរយៈពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមាន ការបោះឆ្នោតជាសកលយ៉ាងណាក្តីក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និង ការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និង ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅ ឆ្ពោះទៅការរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨”។ ក្នុងរយៈពេល បីឆ្នាំជាងមកនេះ ឯកឧត្តមប្រធាន គ.ជ.ប បានដឹកនាំស្ថាប័នរៀបចំ ចាត់ចែង និងគ្រប់គ្រង ការបោះឆ្នោតទាំងសកល ទាំងអសកល និងការបោះឆ្នោតឡើងវិញជាបន្តបន្ទាប់ ដែលរួមមាន ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុង និងស្រុក ដែលបំបែក និងបង្កើតថ្មីនៃខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា- ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រកបដោយភាពជោគជ័យជាទីមោទនៈ។
ឯកឧត្តម បានលើកឡើងទៀតថា ក្នុងនោះការបោះឆ្នោតជាសកលលើកចុងក្រោយ គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានប្រព្រឹត្តទៅក្នុងសភាពការណ៍ ដែលស្ថានភាពសង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសុខភាពសាធារណៈ មានការវិវត្ត ល្អប្រសើរ ដែលបង្កលក្ខណៈងាយស្រួល និងបើកទូលាយ សម្រាប់គ្រប់គណបក្សនយោបាយដែល មានគុណវុឌ្ឍស្របតាមច្បាប់ជាធរមាន អាចចូលរួមប្រកួតប្រជែង ដោយសេរី និងយយយសីភាព។ នៅក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍ បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត ហើយបន្ថែមលើនេះ ប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោតនិងជាពិសេសពីបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព” “ការបោះឆ្នោតសកលឆ្នាំ២០២៣ ប្រព្រឹត្តទៅមានតម្លាភាព សន្តិភាព សេរី និងយុត្តិធម៌” និង “ការរាប់សន្លឹកឆ្នោតដោយដៃមានលំដាប់លំដោយ ហើយការបញ្ជូនលទ្ធផល ពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធ អេឡិចត្រូនិក បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យទុកចិត្តបាន”…។ល។ កត្តាទាំងនេះហើយ ជាសូចនាករបង្ហាញពីជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការបោះឆ្នោត ដែលជាការរួមចំណែករបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម បានកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងការតស៊ូលះបង់ និងឆន្ទៈរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទី និងភារកិច្ច រៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោត។ នៅចន្លោះពេលនេះ ទោះបីជា គ.ជ.ប មិនមានរៀបចំការបោះឆ្នោតជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅតែបន្តពង្រឹងស្ថាប័ន ការងារ អភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាម តម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត សំដៅឆ្ពោះទៅការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។ ហេតុនេះហើយ ទើប គ.ជ.ប រៀបចំកិច្ចប្រជុំណែនាំនាពេលនេះឡើង សម្រាប់មន្ត្រី គ.ជ.ប ជាពិសេសប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃ លធ.ខប សំដៅពង្រឹងសមត្ថភាព និងតម្រង់ទិសមន្ត្រីថ្នាក់ គ្រប់គ្រងតាមរាជធានី ខេត្ត ក្នុងការដឹកនាំ និងគ្រប់គ្រងអង្គភាពរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព។
ឯកឧត្តម បានផ្តាំទៅសិក្ខាកាមទាំងអស់ត្រូវចងចាំថា ការយល់ដឹងតែលើផ្នែកច្បាប់ បទបញ្ជា និងនីតិវិធីតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ទេ ការងារគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាពគឺ ទាមទារឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ និងសីលធម៌ស្មារតី ស្មារតីការងារជាក្រុម សាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ការគ្រប់គ្រង និងប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ ការលើកទឹកចិត្ត ការចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ការគោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ព្រមទាំង ការគោរពតួនាទី ភារកិច្ច និងឋានានុក្រមការងារជាដើម។ល។
ជាទីបញ្ចប់ ឯកឧត្តមប្រធានគ.ជ.ប បានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ណែនាំនេះទៅ ប្រធាន អនុប្រធាន និងប្រធានផ្នែកទាំងបីនៃ លធ.ខប នឹងមានការយល់ដឹងកាន់តែ ច្រើនពាក់ព័ន្ធនឹងការងារគ្រប់គ្រង ព្រមទាំងយកចំណេះដឹង ក៏ដូចជាបទពិសោធនល្អៗទាំងនេះទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តតាមអង្គភាពរៀងៗខ្លួន សំដៅសម្រេច ឱ្យបាននូវចក្ខុវិស័យ “ការបន្តពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រី ជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្ន និងអនាគត” ដើម្បីរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការធានាបាននូវស្ថិរភាព និងសន្តិភាព សំដៅជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំណែនាំនោះ រួមមាន ប្រធាន អនុប្រធាន និងប្រធានផ្នែក រដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស និងប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ លធ.ខប និងមន្ត្រី គ.ជ.ប សរុបចំនួនប្រមាណជាង ១៤០នាក់៕ រក្សាសិទ្ធដោយ ៖សុទ្ធលី










