ខេត្តព្រៃវែង ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាសមាជិកនៃ អ.ដ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ២០០ នាក់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នាសាលប្រជុំនៃសាលាខេត្តព្រៃវែង ។
ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដែលគម្រោងនេះផ្តោតជាសំខាន់លើសកម្មភាពចំនួន ២ គឺ ទី១-ការផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ, ទី២-រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។
ទន្ទឹមនេះដែរ អ.ដ.ក. ក៏បានពិភាក្សាជាមួយរដ្ឋបាលខេត្តព្រៃវែង អំពីលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបតិ្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទ ដែលតាមរយៈ MOU នេះ ចំណុចសំខាន់ គឺរដ្ឋបាលខេត្តអាចនាំយកសំណុំរឿងដែលបានដោះស្រាយបញ្ចប់នៅថ្នាក់មូលដ្ឋាន ស្នើមក អ.ដ.ក. ទទួលស្គាល់ និងចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
សូមបញ្ជាក់ថា ខេត្តព្រៃវែង គឺជាខេត្តគោលដៅទី ៤ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យ ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ ហើយនាពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕ រក្សាសិទ្ធដោយ ៖សុទ្ធលី








