Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ជំរុញឲ្យបុគ្គលិក-កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់

ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤នេះ។

ចំណតផែកុងតឺន័របន្ថែមខេត្តព្រះសីហនុ អាចឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក។

សម្តេចធិបតី ធ្វើការផ្តាំផ្ញើ និងលើកទឹកចិត្តដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង បងប្អូនមន្ត្រីរាជការ បុគ្គលិក-កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទាំងអស់ ឱ្យបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាថែមទៀត ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើប កម្មកំពង់ផែកម្ពុជា ជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

សម្តេចធិបតី ណែនាំចំពោះ គ្រប់សមត្ថកិច្ច ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ឱ្យបន្ត បង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវ បំពេញមុខងារ និង ភារកិច្ចក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយ ភាពរស់រវើក, សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក, ដើម្បីជំរុញចលនការ នៃការអភិវឌ្ឍកំពង់ផែកម្ពុជាជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និង គ្រប់អង្គភាព ពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែប្រសើរ ជាពិសេស ការថែទាំ សមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកំពង់ផែឱ្យបានរហ័សប្រកបដោយគុណភាព និង ប្រសិទ្ធភាព សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទិក នៅក្នុងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់​ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅ​ពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណត​ផែ​កុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែ​សរុបកើន​ឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃ​នាវា​ដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ី​ហ្វិក​កើន​ឡើងរហូតដល់ ៤៩,២៥ភាគរយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×