Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស និងក្រសួងអធិការកិច្ច ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជំរុញការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដល់មន្ត្រីរាជការ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងអធិការកិច្ច។

អនុស្សរណៈនៃការយោគយល់គ្នានេះគូសបញ្ជាក់ពីតួនាទីសំខាន់របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងអធិការកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ដល់មន្ត្រីរាជការ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ និងអភិវឌ្ឍធនធានមនុស្សលើជំនាញការទូត និងទំនងទំនងអន្តរជាតិដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

spot_img
×