Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងនគរបាលប្រទេសណូវែលសេឡង់ ណ័រវេស និងស៊ុយអ៊ែត រួមគ្នាបង្រ្កាបបទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឬអប់ឡាញ

ភ្នំពេញ ៖ នៅថ្ងៃទី១២-ខែកញ្ញា-ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអនុញ្ញាតជូនលោកស្រី KARYN MALTHUS លោកស្រី JANE OHLSSON និងលោក DANIEL KELLY មន្រ្តីទំនាក់ទំនងនគរបាលប្រទេសណូវែលសេឡង់ ណ័រវេស និងស៊ុយអ៊ែត ប្រចាំទីក្រុងបាងកក ប្រទេសថៃ ជួបពិភាក្សាការងារ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ នៅសាលប្រជុំ បន្ទប់លេខ៦១០ ជាន់ទី៦ ទីស្ដីការក្រសួងមហាផ្ទៃ។

នគរបាលណូវែលសេឡង់ ណ័រវែស និងស៊ុយអ៊ែត បានថ្លែអំណរគុណដល់នគរបាលជាតិកម្ពុជា ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានសហការក្នុងកិច្ចប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ហើយបានចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស កេងប្រវញ្ច័ន៍កម្លាំងពលកម្ម ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងបទល្មើសក្លែងបន្លំទិដ្ឋាការ។

តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងអំណរគុណដល់នគរបាលណូវែលសេឡង់ ណ័រវេស និងស៊ុយអ៊ែត ដែលតែងតែយកចិត្តទុកដាក់សហការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស បទល្មើសរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បានជម្រាបជូននគរបាលណូវែលសេឡង់ ណ័រវេស និងស៊ុយអ៊ែត អំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រមូលភស្ដុតាងបទល្មើសរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងអប់ឡាញ បទល្មើសពពោះជំនួស (លក់ដូរមនុស្ស និងជួញដូរមនុស្ស) វិធានការបង្ការទប់ស្កាត់ បង្ក្រាប និងដំណោះស្រាយល្អៗ ចំពោះកិច្ចអន្តរាគមន៍សង្គ្រោះ ការការពារជនរងគ្រោះ ការផ្តល់សេវាសង្គម សេវាផ្លូវច្បាប់ ការគោរពសិទ្ធិ ការសម្រេចចិត្ត និងឧត្តមប្រយោជន៍របស់ជនរងគ្រោះ ជាពិសេសកុមាររងគ្រោះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានស្នើដល់តំណាងនគរបាលណូវែលសេឡង់ ណ័រវេស និងស៊ុយអ៊ែត ដាក់សំណើសុំគោលការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងករណីមានព័ត៌មានពាក់ព័ន្ធមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ឬអប់ឡាញ។ល៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×