ខេត្តព្រះសីហនុ ៖ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យ និងបើកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ដើម្បីបើកកម្មវិធីប្រឡងឆ្នាំ២០១៨នេះ។ ការប្រឡងនេះ ចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១៧២០នាក់ ក្នុងនោះស្រី ៨១៣នាក់។ មាន៥មណ្ឌលស្មើ ៧២បន្ទប់។ ក្នុងនោះមាន៣មណ្ឌល ស្ថិតនៅក្នុងក្រុងព្រះសីហនុ គឺមណ្ឌលវិទ្យាល័យក្រុង- មណ្ឌលអនុវិទ្យាល័យសម្ដេចឪ- មណ្ឌលសាលាបឋមសិក្សាផ្សារលើ និង ២មណ្ឌលទៀត ស្ថិតនៅស្រុកព្រៃនប់ មានមណ្ឌលវិទ្យាល័យហ៊ុនសែនវាលរេញខាងត្បូង និងមណ្ឌលវិទ្យាល័យហ៊ុនសែនវាលរេញខាងជើង។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ចំពោះបេក្ខជន ដែលមកពីវិទ្យាល័យហ៊ុនសែនកំពង់សិលា និងវិទ្យាល័យហ៊ុន សែន កែវផុស រដ្ឋបាលខេត្តបានរៀបចំអោយស្នាក់នៅផ្ទះសំណាក់ នៅជិតឃុំវាលរេញ ហើយការចំណាយថវិកា គឺជាបន្ទុករបស់រដ្ឋបាលខេត្តព្រះសីហនុ។ព្រមជាមួយគ្នានេះ សម្រាប់បេក្ខជន ដែលទទួលបានចំណាត់ថ្នាក់ប្រឡងជាប់និទ្ទេសA រដ្ឋបាលខេត្ត នឹងឧបត្ថម្ភម្នាក់ៗ ម៉ូតូមួយគ្រឿង៕ ដែន សីមា