Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាកង្វះទឹកស្អាតនៅក្រុងប៉ោយប៉ែត កំពុងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រុមហ៊ុន កុកអាន គ្រុប គួររកវិធីដោះស្រាយឱ្យបានលឿន

ក្រុងប៉ោយប៉ែត : ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់ធុរកិច្ចនានានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានលើកជាសំណូមពរដល់អ្នកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ គ្រុប គិតគូរដល់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតស្តង់ដារសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងនេះ ប្រើប្រាស់បានសមរម្យ ដើម្បីជាកាតាលិករមួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ និងទេសចរណ៍ ព្រោះបច្ចុប្បន្នការចែកចាយទឹកក៏ខ្វះខាត និងទឹកស្អាតដែលប្រើប្រាស់សព្វថ្ងៃនេះ មិនមានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតឡើយ។

បញ្ហាទឹកស្អាត និងបណ្តាញអគ្គិសនី បាននិងកំពុងក្លាយជាបញ្ហាធំមួយរបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតកំពុងខ្វះទឹកស្អាតប្រើប្រាស់ និងទទួលបានការផ្គត់ផ្គង់ទឹក ដែលមិនឆ្លងកាត់ប្រព័ន្ឋប្រព្រឹត្តកម្មឡើ់យ។ តាមរយៈការចុះអង្កេតផ្ទាល់កាលពីពេលថ្មីៗនេះ របស់អ្នកសារព័ត៌មានមួយក្រុម បានរកឃើញថា នៅស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត សម្រាប់ចែកចាយទឹកដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់ រស់នៅទីក្រុងនេះ មិនមានដាក់ប្រព័ន្ខចម្រោះឡើយ ពិសេសកង្វះទឹក បាននិងកំពុងក្លាយជាបញ្ហាធំមួយ ដោយសារភ្លៀង មិនទៀងទាត់ និងខ្វះប្រភពទឹក សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទឹកស្អាត អានកូ គ្រុប នៅក្រុងប៉ោយប៉ែត បានជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ មេត្តាជ្រាបថាដោយសារតែឆ្នាំនេះ មានភាពរាំងស្ងួតអូសបន្លាយ ជាហេតុធ្វើឱ្យមានការខ្វះទឹក ដើម្បីផលិតជាទឹកស្អាត។ ហេតុដូចនេះ ក្រុមហ៊ុននឹងផ្អាកការផ្តត់ផ្គង់ទឹកស្អាតនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង 09:00 យប់ រហូតដល់ម៉ោង 05:00ភ្លឺជាបណ្តោះ អាសន្ន។ សេចក្តីជូនដំណឹងខាងលើបានបន្តថា អាស្រ័យហេតុដូចបានជូនដំណឹងខាងលើនេះ សូមអតិថិជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈទុកជាមុន។

ប្រភពពីមន្រ្តីសាលាក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅទីក្រុងប៉ោយប៉ែត មិនមានប្រភពទឹកធំសម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងនេះទេ ប៉ុន្តែក្រុមហ៊ុនអានកូ គ្រុប អាចទាញប្រភពទឹកពីបឹងនៅជិតទីរួមខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយ២២គីឡូម៉ែត្រប៉ុណ្ណោះ មកច្នៃជាទឹកស្អាត ហើយចែកចាយបាន។ ការដាច់ទឹកជាបញ្ហាដ៏ធំរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនេះ ដែលពួកគាត់កំពុងជួបការលំបាកជាខ្លាំង ពិសេសប្រភពទឹកគ្មានអនាម័យ ដែលបាននិងកំពុងបង្កបញ្ហាដល់សុខភាពប្រជាជន។

មន្រ្តីដដែលបានបន្តថា បញ្ហាកង្វះទឹកស្អាតបានបង្កឱ្យប្រជាពលរដ្ឋជាច្រើន កើតរមាស់ រាករូស ដោយសារការផ្គត់ផ្គង់ទឹកគ្មានការទទួលខុសត្រូវរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ គ្រុប។

ក្រុមការងារចុះយកព័ត៌មានរបស់ CEN
ដែលបានចុះសិក្សាស្វែងយល់ពីសក្តានុពលក្រុងប៉ោយប៉ែត កាលពីចុងខែសីហា កន្លងមកនេះ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, គេសង្កេតឃើញទីក្រុងប៉ោយប៉ែត ក៏ដូចជា ទីក្រុងធំៗដទៃទៀតនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការដាក់ចេញគោលនយោបាយត្រឹមត្រូវ មានភាពបត់បែន និងទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើនមកកាន់កម្ពុជា, ប៉ុន្តែបញ្ហាកង្វះទឹកស្អាតឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មស្តង់ដារ និងការផ្គត់ផ្គង់អគ្គិសនី គឺជាបញ្ហាធំ ដែលជាកាតាលីករមួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម-វិនិយោគ ឱ្យកាន់តែរីកចម្រើនឆាប់រហ័សក្នុងទីក្រុងប៉ោយប៉ែត។

មហាជនជាច្រើនបានពិនិត្យឃើញថា “ទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ច កម្ពុជាក៏មានបញ្ហាប្រឈមផងដែរ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជា បញ្ហាកង្វះទឹកស្អាត តម្លៃអគ្គិសនីខ្ពស់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនផងដែរ”។ ដូច្នេះ បញ្ហាធំមាន ៣ ÷ ដែលប្រជាពលរដ្ឋសំណូមពរដល់ សម្តេចធិបតីហ៊ុន ម៉ាណែត មេត្តាជួយអន្តរាគមន៍ គឺបញ្ហាទឹកស្អាត អគ្គិសនី និងផ្លូវនៅទីក្រុងប៉ោយប៉ែត ដែលកំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋ និងឧបសគ្គចម្បងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសការបណ្ដាក់ទុនវិនិយោគពីបរទេស។ 

ការគិតគូរដោះស្រាយបញ្ហាទាំង ៣ នេះ នឹងធ្វើឱ្យទីទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានឱកាសរីកចម្រើនកាន់តែខ្លាំង ស្របតាមចក្ខុវិស័យដ៏មុតស្រួចរបស់ សម្តេចធិបតី ក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០, ហេតុដូច្នេះ ទីក្រុងប៉ោយប៉ែតជាទីក្រុងស៊ីវីល័យមួយ គួរទទួលបានការដោះស្រាយបញ្ហានេះមុនគេ ដោយមិនចាំបាច់បង្អង់ ព្រោះថា បើបង្អង់ការដោះស្រាយ វាប្រៀបដូចបង្អង់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×