អតីតអនុប្រធានាធិបតីស៊ីមបាវ៉េ អេមឺសាន់ មេចហ្គាវ៉ា (Emerson Mnangagwa) បានត្រឡប់មកវិញហើយ ដើម្បីដឹកនាំប្រទេស ក្រោយពេលប្រធានាធិបតី រ៉ូបឺត មូហ្គាបេ (Robert Mugabe) បានប្រកាសចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅយប់ថ្ងៃពុធ ជិតឈានចូលថ្ងៃព្រហស្បតិ៍ទី ២៣។
លោក Emerson Mnangagwa បានរត់ទៅជ្រកកោននៅប្រទេសអាហ្វ្រិចខាងត្បូង កាលពី ២សប្តាហ៍មុន ដោយសារបញ្ហាសុវត្ថិភាព ក្រោយពេលលោកត្រូវបាន ប្រធានាធិបតី មូហ្គាបេបណ្តេញចេញពីតំណែង ក្នុងការប៉ុនប៉ងរៀបចំប្រពន្ធគាត់ឲ្យស្នងតំណែងជំនួស។
លោក Emerson Mnangagwa នឹងធ្វើជាប្រធានាធិបតីថ្មីនៃប្រទេសស៊ីមបាវ៉េ នៅថ្ងៃសុក្រសប្តាហ៍នេះ។ ការបណ្តេញរូបលោកចេញពីតំណែងធ្វើឲ្យប្រទេសស៊ីមបាវ៉េធ្លាក់ចូលក្នុង វិបត្តិនយោបាយភ្លាមៗ និងបណ្តាលឲ្យមានការអន្តរគមន៍ពីយោធា និងគណបក្សកាន់អំណាច ដែលដាក់សម្ពាធឲ្យលោក មូហ្គាបេ ចុះចេញពីតំណែង។
បើតាមលិខិតរបស់លោក មូហ្គាបេ ដែលត្រូវបានអានដោយអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា ការសម្រេចចិត្តលាលែងគឺជាការស្ម័គ្រចិត្ត ហើយគាត់បានធ្វើវា ដើម្បីឲ្យមានការផ្តេរអំណាចដោយរលូន។
គណបក្សកាន់អំណាច Zanu-PF បាននិយាយថា លោក Emerson Mnangagwa នឹងកាន់តំណែងជាប្រធាធិបតីក្នុងអាណិត្តរបស់លោក មូហ្គាបេ រហូតដល់មានការបោះឆ្នោតលើកក្រោយ ដែលគ្រោងនឹងធ្វើនៅក្នុងខែ កញ្ញា ឆ្នាំ ២០១៨។
លោក មូហ្គាបេ ដែលស្ថិតក្នុងវ័យ ៩៣ឆ្នាំ គឺជាមេដឹកនាំចាស់ជាងគេបំផុតក្នុងពិភពលោក ដែលបានដឹកនាំប្រទេសស៊ីមបាវ៉េតាំងពីឆ្នាំ ១៩៨០មកម្លេះ។ ដំបូងឡើយ គាត់បានបដិសេធមិនព្រមចុះចេញនោះឡើយ បើទោះបីជាមានរដ្ឋប្រហារយោធាកាលពីអាទិត្យមុន និងមានការតវ៉ាខ្លាំងពីប្រជាជនស៊ីមបាវ៉េយ៉ាងណាក៍ដោយ។
ការសម្រេចចិត្តលាលែងដោយសន្តិវិធីរបស់លោក បណ្តាលឲ្យមានការអបអរពីប្រជាជនស៊ីមបាវ៉េទូទាំងប្រទេស៕ សុភ័ក្ត្រ