Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ ក្នុងនោះការអនុវត្តអភិក្រមទី១ គឺការអនុវត្តពីលើចុះក្រោម ការធ្វើទំនើបកម្មសេវាឱ្យកាន់តែទំនើប និងអភិក្រមទី២ គឺការអនុវត្តពីក្រោមទៅលើវិញ គឺផ្ដល់សេវាសុខាភិបាលឱ្យបានល្អទៅដល់ថ្នាក់ក្រោមជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា​ កុំបន្ទន់ កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។
ហើយសម្ដេចអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត។ ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារទាំង៣ ដែលបើកការដ្ឋានសាងសង់ព្រឹកនេះ នឹងត្រូវបំពាក់ដោយសម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនា​សម្ព័ន្ធ​សំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ជាអគារ​ពហុមុខងារពិសេស, មុខងារមានឯកទេសខ្ពស់ ដូចជា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ​មហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ, ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្តនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាពជូនប្រជាជននៅតាមមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន ពង្រីកបន្ថែមនូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត,ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខភាពល្អរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាព ក្នុងការស្រូបយកចំណេះដឹង និងជំនាញ ដែលសុទ្ធសឹងជា កត្តាមិនអាចខ្វះបានដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ភាពធន់ និងបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការ​ចាំបាច់ដែលមានប្រសិទ្ធភាព និង បានវិភាគថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ, ស្មើនឹងសមាជិកសរុប ១,៥លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីករបបថែទាំ​សុខភាពបេឡាជាតិរបបសន្តិសុខសង្គម ទាំងសម្រាប់កម្មករ-និយោជិត និង មន្ត្រីសាធារណៈ ដែលគ្របដណ្តប់បន្ថែមដល់​សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកប្រមាណ ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែលម្អគុណ ភាពសេវាសុខាភិបាលត្រូវធ្វើជាប្រចាំជាប់មិនដាច់សំដៅលើកកម្ពស់ គុណភាពសេវាថែទាំសុខភាព និង សេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ និង បង្កើនជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព នៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលកំពុងអនុវត្តនៅពេលបច្ចុប្បន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនើបកម្មបរិក្ខារវេជ្ជសាស្ត្រជារឿងល្អ តែការពង្រឹងគុណភាពធនធានមនុស្ស លើវិស័យសុខាភិបាលនៅតែជាកិច្ចការចាំបាច់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្ម និងបរិវត្តកម្ម, ការផ្តល់សេវាថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត គឺជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា ដើម្បីឈានទៅដល់កម្រិតមួយដែលការអនុវត្តក្នុងផ្នែកវេជ្ជសាស្ត្រ មានភាពជាក់លាក់ អាចឆ្លើយតបទៅនឹង លក្ខខណ្ឌជំងឺរបស់បុគ្គលម្នាក់ៗ (Precision Medicine and Personalized Medicine)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ក្រសួងសុខាភិបាល ត្រូវយកការធ្វើទំនើបកម្ម និង បរិវត្តកម្មនេះ ធ្វើជាឧត្តមានុវត្តន៍សម្រាប់ការលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព, នៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យខេត្តមួយចំនួនទៀត ព្រមទាំងមន្ទីរពេទ្យតំបន់ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបង្កើតឡើងក្នុងពេលខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាព, បង្ការ និងទប់ស្កាត់ជំងឺនានា។ ក្នុងករណីមានជំងឺ ឬ បញ្ហាសុខភាព ត្រូវប្រញាប់ទៅកាន់មូលដ្ឋាន​សុខា​ភិបាល​ដែលជិតលំនៅឋាន ជាពិសេសមណ្ឌលសុខភាព ដើម្បីទទួលបាន ការពិនិត្យ និង ការព្យាបាលទាន់ពេល ឬ ទទួលបានការប្រឹក្សាយោបល់ ក្នុងការទទួលយកសវា សុខាភិបាលចាំបាច់ ឬ ការបញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់ខ្ពស់បន្ទាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×