ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលក្រុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានបន្តដឹកនាំមន្ត្រីជំនាញ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ ដើម្បីរក្សាសោភ័ណភាពក្រុង ឲ្យបានប្រសើរឡើងថែមទៀត។
សកម្មភាពនេះ ដឹកនាំដោយ លោក ជួប សីហា តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធ មួយចំនួនទៀត បានចុះធ្វើសណ្តាប់ធ្នាប់ នៅតាមផ្លូវ៤០០ និង ផ្លូវ៥០០ មានទីតាំងនៅចន្លោះផ្លូវមុខសណ្ឋាគារ ខ្សាច់មាស និងផ្លូវអតីតបន្ទាយកងរាជអាវុធហត្ថខេត្ត ក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
នាឱកាសនោះ លោក ជួប សីហា បានឲ្យដឹងថា ក្រុមការងារចម្រុះបានតម្រូវឲ្យម្ចាស់ហាងចំនួុន ២២ហាង (ភាគច្រើនជាហាងរបស់ជនជាតិចិន) និងតូបលក់ផ្លែឈើចំនួន១១តូប ត្រូវរុះរើចេញដោយខ្លួុនឯងជាបន្ទាន់ ដោយអាជ្ញាធរ បានទុកពេល ២ថ្ងៃ ឲ្យរុះរើ គិតចាប់ពីថ្ងៃទី២០ ខែសីហានេះ។ ប៉ុន្តែក្នុងករណីម្ចាស់ទីតាំងទាំងនោះ មិនព្រមរុះរើចេញ រដ្ឋបាលក្រុងព្រះសីហនុ នឹងចុះរុះរើចេញ ដោយពុំទទួលខុសត្រូវ លើការបាត់បង់ ឬការខូចខាតសម្ភារៈផ្សេងៗនោះទេ។
ករណីនេះ លោក ជួប សីហា បញ្ជាក់ថា រដ្ឋបាលក្រុង ធ្លាប់បានជូនដំណឹងជាច្រើនលើកច្រើនសាររួចហើយ ទៅម្ចាស់បើកធ្វើអាជីវកម្មទាំងអស់នោះ មុននឹង អាជ្ញាធរឈានទៅចុះមានវិធានការក្តៅពេលនេះ។
តាមការកត់សម្គាល់ជាបន្តបន្ទាប់មកនេះ មន្ត្រីជំនាញ នៃ រដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីស្ថាប័នជំនាញច្រើនទៀត បានចុះរុះរើសំយ៉ាប និងតូប របស់ហាងលក់ដូរមួយចំនួន ដែលសង់នៅលើចំណីផ្លូវសាធារណៈជាច្រើនករណី(សង់ខុសច្បាប់) ដែលបានប៉ះពាល់ដល់ផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្លៀវជាតិ និងអន្តរជាតិ។ ជាពិសេសនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ខូចសោភ័ណភាពក្រុងទេសចរណ៍ និងខូចបរិស្ថានជាដើម…។
ផ្តើមពីបញ្ហានេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជនជាតិខ្មែរ និងជនបរទេសទាំងអស់ សូមមេត្តារួមគ្នា កុំសង់សំណង់ផ្សេងៗ រំលោភនៅលើចំណីផ្លូវសាធារណៈ របស់រដ្ឋតទៅទៀត។
បន្ថែមលើនេះ រដ្ឋបាលក្រុង ក៏ស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ឲ្យចូលរួមសហការរដ្ឋបាលក្រុងឲ្យបានទាំងអស់គ្នា ប្រយោជន៍រួមគ្នាថែរក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងព្រះសីហនុ ឲ្យបានល្អថែមទៀតនាពេលខាងមុខ។
ជាងនេះទៀត ក៏ស្នើដល់ប្រជាពលរដ្ឋ ជួយផ្តល់ព័ត៌មាន មកមន្ត្រីជំនាញឲ្យបានឆាប់ នៅពេលឃើញសំណង់អនាធិបតេយ្យ សង់ប៉ះពាល់លើដីចំណីផ្លូវសាធារណៈនៅទីតាំងណាមួយកើតឡើង។
មន្ត្រីជំនាញរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងដូច្នេះ រួចសង្កត់ធ្ងន់ថា ការងារខាងលើនេះ អាជ្ញាធរនឹងចុះអនុវត្តតាមច្បាប់ឲ្យបានមុឺងម៉ាត់ចំពោះម្ចាស់សំណង់សង់អនាធិបតេយ្យទាំងនោះ៕ ដែន សីមា