Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សូមជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។

ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យ ស្ថានទូតស៊ុយអែតនៅភ្នំពេញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនបន្ថែមលើសេចក្តីបំភ្លឺចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ថា៖

តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។

ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាលកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការ បើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែ កុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបាន បញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញ នៅចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×