ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថា បើកវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ២០២៤ ក្រោមទស្សនាទាន “បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
ក្រោមកិច្ចសហការរៀបចំដោយ ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា Cambodian Association of Finance and Technology វេទិកានេះប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។
នៅក្នុងព្រឹតិ្តការណ៍នេះក៏មានកម្មវិធីពិព័រណ៍ សិក្ខាសាលា និងកិច្ចពិភាក្សា ដែលមានការចូលរួមចែករំលែកពីវាគ្មិនជំនាញៗ ដោយផ្ដោតសំខាន់ទៅលើការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមមាន បញ្ញាសិប្បនិម្មិត និងប្លុកឆេន ក៏ដូចជាតួនាទីនៃគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៤ នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្តង់ពិព័រណ៍ផ្សព្វផ្សាយ ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ការចូលរួមសិក្ខាសាលា កិច្ចពិភាក្សា ការផ្លាស់ប្តូរ យោបល់ ចំណេះដឹង និងបទពិសោធ ដោយឈរលើនិន្នាការថ្មីៗនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងសកល ដែលមានជាអាទិ៍ដូចជា បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ប្លុកឆេន និងតួនាទីរបស់គម្រោងផ្ទាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដែលជាផ្ទាលជួយលើកកម្ព ដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ក្នុងការប្រកបអាជីវកម្មប្រកបដោយនវានុវត្តន៍ឆ្ពោះទៅរក សេដ្ឋកិច្ចនីជីថល។ ទន្ទឹមនឹងនោះ វេទីកានេះនឹងលើកបង្ហាញពីបញ្ហាប្រឈម និងកាលានុវត្តភាព នៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
នេះជាសមិទ្ធផលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ធនាគារ ស្របតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








