Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។

នាឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា ដោយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ផ្អែកតាមភាពប៉ិនប្រសប់ និងបទពិសោធន៍លើវិស័យការទូតរបស់ឯកឧត្តម ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរ និងត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់ “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ”។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យការពារជាតិចិនបានជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មទីបញ្ជាការមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មប្រព័ន្ធកាពារអាកាស ការធ្វើទំនើបកម្មប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ និងការធ្វើទំនើបកម្មអាវុធធុនធ្ងន់គ្រប់ប្រភេទ។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងនូវការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានឹងជំរុញបន្ថែមទៀតការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ឯកឧត្តម បានសំណូមពរដល់ឯកអគ្គរដ្ឋទូតបន្តជំរុញលើការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ជួយកសាងសាលាជំនាញកាំភ្លើងធំ និងជំនាញការពារអាកាសដល់កងទ័ពជើងគោកកម្ពុជា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានចារកិច្ចទៅវិញទៅមកឱ្យកាន់តែធំទូលាយ និងទាន់ពេលវេលា។

ជាកិច្ចឆ្លើយតប ឯកឧត្ដម វ៉ាង វិនពីន បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអរគុណចំពោះការលើកឡើងប្រកបដោយមនោសញ្ចេតនារបស់ឯកឧត្តមអគ្គមេបញ្ជាការ សបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលកន្លងមក។

ឯកឧត្តមបន្តថា ទំនាក់ទំនង ចិន កម្ពុជា គឺជាទំនាក់ទំនងឆ្លងកាត់រយៈកាលដ៏យូរអង្វែង និងបង្កើតបានជាគំរូមួយនៃទំនាក់ទំនងអន្តរជាតិមិនអាចបំបែកបាន ហើយទំនាក់ទំនងនេះថ្នាក់ថ្នមថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុន និងមានការគាំទ្រពីប្រជាជនប្រទេសទាំងពីរ រួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈ និងមានភាពរឹងមាំជារៀងរហូតមក។
«ក្នុងនាមជាប្រទេសជិតខាង និងដៃគូដ៏ជិតស្និទ្ធ ចិន-កម្ពុជា បានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដោយឆ្លងកាត់ការសាកល្បង ការប្រែប្រួល និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ ដូច្នេះយើងត្រូវរួមសហការគ្នា អភិវឌ្ឍទំនាក់ទំនងនេះឲ្យកាន់តែស្អិតរមួតថែមទៀត»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន។
ពាក់ព័ន្ធលើវិស័យកងទ័ព ឯកឧត្ដម វ៉ាង វិនពីន បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កងទ័ពប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាពដែកថែប ដោយកន្លងមក កងទ័ពប្រទេសទាំងពីរតែងបានសហការគ្នាយ៉ាងជិតស្និទ្ធ និងតែងបានចាត់ទុកគ្នាជាមិត្តសំខាន់ជាងគេ។

ក្នុងនាមឯកអគ្គរដ្ឋទូតថ្មី ឯកឧត្ដម វ៉ាង វិនពីន បានអះអាងពីការសហការជាមួយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ដើម្បីចាប់ដៃជាមួយថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ជំរុញឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឈានឡើងដល់កម្រិតថ្មីមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×