Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។

ឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ និងអរគុណឯកឧត្តម Jonathan Kings ដែលបានអញ្ជើញមកធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ក្រោមប្រធានបទ “ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីជំនួបប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ កាលពីខែកក្កដា នៅទីក្រុងវៀងចន្ទន៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់នូវែលសេឡង់ និងបានស្នើឱ្យភាគីនូវែលសេឡង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ការកែច្នៃកសិផល និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងស្នើភាគីនូវែលសេឡង់រៀបចំសិក្ខាសាលាធុរកិច្ច នៅក្នុងរាជ/រដ្ឋធានីណាមួយនៃប្រទេសសមាជិកអាស៊ាន ដែលមានធុរជនជនជាតិនូវែលសេឡង់ច្រើន ដោយមានតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមធ្វើបទបង្ហាញអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍រួម។

ភាគីទាំងពីរ ក៏បានពិភាក្សាស្ដីពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×