Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ​បញ្ជាក់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ​បញ្ជាក់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២ដុល្លារ និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ដល់ជូន ២ដុល្លារថែមទៀត ពោលគឺប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ នឹងកើនដល់ ២០៨ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលអប្បបរមានេះនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ។

គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ១៥ លើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៨ដុល្លារអាម៉េរិក និង ២១៤ដុល្លារអាម៉េរិក, ខណៈតំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន ២០៦ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។

ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០៦ដុល្លារអាម៉េរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្តល់អនុសាសន៍បន្ត ស្របតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

ភ្លាមៗនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្ដល់ជូន ២ដុល្លារអាម៉េរិកថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ កើនដល់ ២០៨ដុល្លារអាម៉េរិកក្នុងមួយខែ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា នឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះដែល តំណាងភាគីកម្មករនិយោជិតបានគោរពស្នើសុំនូវសំណូមពរចំនួន ៧ ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ២ ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×