ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។
អង្គប្រជុំនៃរដ្ឋសភាបានបោះឆ្នោតគំាទ្រសំណើជាឯកច្ឆន្ទក្នុងនោះមាន ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
សម្តេចមហាបវរធិបតី បានថ្លែងអបអរសាទរដល់ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូបនាឱកាសនេះ ដើម្បីប្រសិទ្ធភាពការងារក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះអង្គសភាដែលមាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានដែលតែងតែបានគំាទ្រនិងសហការជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុប្រជាជននិងប្រទេសជាតិ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី