ភ្នំពេញ៖ កម្ពុជា និង អង្គការអន្តរជាតិខាងការងារ(ILO) ពិតជាដៃគូសហការយ៉ាងល្អលើគម្រោង លើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់នៅកម្ពុជា ពិតជាមានភាពលូតលាស់ខ្លាំង បានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើន នៃសេដ្ឋកិច្ច។
នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នៅទីស្តីការក្រសួង លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន អនុញ្ញាតឲ្យបេសកកម្មនៃគម្រោង ILO-Japan ដឹកនាំដោយលោក Sho Sudo មន្ដ្រីសម្របសម្រួល និងជាប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង “ការលើកកម្ពស់ស្ដង់ដារសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា ចូលជួបសម្តែងការងារគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា និង អង្គការអន្តរជាតិខាងការងារ(ILO) ពិតជាដៃគូសហការយ៉ាងល្អលើគម្រោង លើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណងនៅកម្ពុជា។
លោកមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់ ពិតជាមានភាពលូតលាស់ខ្លាំងណាស់ដែលបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើន នៃសេដ្ឋកិច្ច។ ការរីកលូតលាស់នេះ បានស្រូបយកនូវកម្លាំងពលកម្មជាច្រើនក្នុងវិស័យនេះ ដែលទាមទារឲ្យក្រសួងត្រូវតែយកចិត្តទុកដាក់ចំពោះ បងប្អូនដែលបម្រើការងារក្នុងវិស័យនេះ។
លោក Sho sudo បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក៏ដូចជាក្រសួងសាមីផងដែរ ដែលបានចូលរួមលើកកម្ពស់សុវត្ថិភាពការងារ ចំពោះកម្មករដែលធ្វើការងារលើវិស័យសំណង់កន្លងមក។ជាមួយគ្នានេះដើម្បីជំរុញ និងគាំទ្រលើសុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់នេះ ។ បើតាមការបញ្ជាក់របស់លោក Sho sudo គឺ មានគោលដៅមួយចំនួន ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាពការងារជូនដល់ពួកគាត់។ លោក បានបន្តថា គម្រោងនេះ ជំរុញឲ្យក្រសួងរៀបចំនូវលក្ខខណ្ឌគតិយុត្តិ និងពង្រឹងលើសន្តិសុខ សុវត្ថិភាពការងារ និងស្នើឲ្យក្រសួងបង្កើតគណៈកម្មការប្រឹក្សាយោបល់ បច្ចេកទេស ដើម្បីផ្តល់ប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការលើវិស័យនេះ។
លោកបន្ថែមថា ចំពោះគណៈកម្មការនេះគឺក្រសួងការងារ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងប្រឹក្សាយោបល់ដល់ពួកគាត់ ព្រមជាមួយគ្នានោះក៏មានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និយោជក និងសហជីពដែលតំណាងឲ្យកម្មករជាសមាជិកផងដែរ។លោកថា បើក្រុមការងារនេះបង្កើតឡើងហើយ និងជាចំណែកមួយ ជួយដល់កម្មករ សំដៅលើកកម្ពស់សុវត្ថិភាពការងារដល់ពួកគាត់។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ ការលើកឡើងរបស់ តំណាង ILO ក្នុងការជួយលើកកម្ពស់វិស័យនេះដល់បងប្អូនកម្មកររបស់កម្ពុជា ដោយលោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងការងារជាសេនាធិការ កន្លងមកបានធ្វើការជាច្រើន និងបានរៀបចំលិខិតគតិយុត្តិរួចមកហើយដែរ ដើម្បីធានាដល់ការការពារដល់បងប្អូនកម្មករ តែយ៉ាងណាក្រសួងនឹងពិចារណាចំពោះសំណូមពរខាងលើនេះ។ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ពិតជាគាំទ្រពេញទំហឹងចំពោះ ភាគី ILO ដែលមានគម្រោងចង់បង្កើតគណៈកម្មការប្រឹក្សាបច្ចេកទេស ដែលក្នុងនោះមានក្រសួងការងារជាអ្នកដើរតួនាទីសំខាន់និងមានក្រសួងពាក់ព័ន្ធផ្សេងទៀត។ លោកជឿជាក់ថា ការបង្កើតគណៈកម្មការនេះ និងរួមចំណែក ក្នុងការពង្រឹងច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ការងារឲ្យមានប្រសិទ្ធភាព ព្រមទាំងគិតគូផងដែរដល់កិច្ចការផ្សព្វផ្សាយពីសុវត្ថិភាពការងារនៅក្នុងការរដ្ឋានសំណង់៕ ដោយ៖បញ្ញាស័ក្តិ