Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែង សុន្ទរកថាគនឹ្លះទៅកាន់វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ (The Fourth Eurasian Women’s Forum) ដោយបានគូសបញ្ជាក់ថា ពិភពលោកគួរលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្រ្តីឱ្យបានកាន់តែច្រើនថែមទៀតទៅលើផ្នែកនយោបាយ ហើយគួរផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាស្វែងរកសន្តិភាព និងដំណើរការនៃការដោះស្រាយជម្លោះ តាមរយៈការពង្រឹងនូវបណ្តាញទំនាក់ទំនងអន្តរសភា និងលើកកម្ពស់ភាពជាដៃគូឆ្លងដែនក្នុងចំណោមអ្នកដឹកនាំជាស្រ្តី។

វេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ នេះរៀបចំឡើងដោយក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងសន្និបាតអន្តរសភានៃរដ្ឋសមាជិករបស់សហគមន៍ រដ្ឋឯករាជ្យ ក្រោមមូលបទស្តីពី “ស្រ្តីនៅក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការសកល” ដែលប្រារព្ធធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៤ នៅក្នុងប្រទេសរុស្ស៊ី។

មានប្រសាសន៍តាមប្រព័ន្ធអនឡាញ នៅល្ងាចថ្ងៃទី20 ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់វេទិកាអន្តរជាតិនេះ
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទដ៏មានសារៈសំខាន់នេះព្រោះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទំនុក ចិត្ត និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរបត់មួយដ៏ស្មុគស្មាញនិងមិនប្រាកដប្រជាមានហានិភ័យខ្ពស់ ដោយសារការធ្លាក់ចុះនៃអភិបាលកិច្ចសកល និងពហុភាគីនិយម ព្រមទាំងការធ្លាក់ចុះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ជម្លោះនិងសង្គ្រាម រវាងរដ្ឋនិងរដ្ឋ និងនៅក្នុងរដ្ឋ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ ក្នុងន័យនេះ ការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ គឺពិតជាការចាំបាច់ ដើម្បីស្តារ និងថែរក្សានូវប្រព័ន្ធអន្តរជាតិមួយ ដោយផ្អែកលើទំនុកចិត្ត ផ្អែកលើផលប្រយោជន៍រួម និងផ្អែកលើច្បាប់អន្តរជាតិ។

“យើងត្រូវការជាចាំបាច់នូវភាពជាដឹកនាំដែលអាចជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីជួយធ្វើឱ្យប្រព័ន្ធអន្តរជាតិ កាន់តែមានយុត្តិធម៌ និងបរិយាបន្ន និងដោយយកប្រជាជនជាស្នូល។ យើងត្រូវការភាពជាអ្នកដឹកនាំដែលយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សជាតិ និងភពផែនដី និងជាអ្នកដឹកនាំដែលហ៊ានលះបង់ ស្មោះត្រង់ ដើម្បីសន្តិភាព និង វិបុលភាពសម្រាប់មនុស្សជាតិទាំងមូល ។ “ខ្ញុំសូមបញ្ជាក់ថា ភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ សីលធម៌ និងមានគំនិតកែទម្រង់ ពិតជាចាំបាច់ខ្លាំងណាស់” នេះជាការគូសបញ្ជាក់របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានជម្រាបទៅកាន់វេទិកាថា កម្ពុជាមានឆន្ទៈខ្ពស់ក្នុងការធ្វើការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជិតឆ្ងាយទាំងអស់ ដើម្បីឈានទៅកសាង និងលើកកម្ពស់ទំនុកចិត្តជាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសកល ។ កម្ពុជាប្តេជ្ញាកសាងនូវអភិបាលកិច្ចសកលដោយមានលក្ខណៈយុត្តិធម៌ និងបរិយាបន្ន លើកកម្ពស់ពហុភាគីនិយម ប្រកបដោយប្រសិទ្ធភាពនិងបើកចំហ និងគោរពសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ តួនាទីភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ ប្រកបដោយឆន្ទៈមោះមុតនៅក្នុង ការលើកកម្ពស់សិទ្ធិស្រ្តី។ កម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើនដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី។ ការអនុវត្តគោលនយោបាយនិងកម្មវិធីនានា សំដៅពង្រឹងការចូលរួមរបស់ស្រ្តីនៅគ្រប់វិស័យនិងគ្រប់កម្រិត ដោយធានាបាននូវសិទ្ធិនិងសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ចរបស់ស្ត្រីថែមទៀតផង។ ស្រ្តីកម្ពុជាទទួលបាននូវការលើកទឹកចិត្ត ដោយឲ្យទទួលបានតួនាទីជាអ្នកដឹកនាំនៅគ្រប់កម្រិត និងគ្រប់វិស័យ។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌ និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ជាអាទិ៍ ការផ្តល់សច្ចាប័នលើកតិកាសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងទៅលើស្រ្តី (CEDAW) ជាដើម។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៥ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមសមាជិកានៃអ្នកនយោបាយស្រ្តី (Women Caucus) សំដៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងនោះមានកម្មវិធី Girl2leaders Cambodia ដែលកម្មវិធីនេះបានលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់ស្រ្តីវ័យក្មេងនៅទូទាំងប្រទេសបានជាង ២៣០០ នាក់។ ជាមួយគ្នានេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ (AIPA) នាខែវិច្ឆិកាឆ្នាំ២០២២ ដោយបានស្នើនូវសេចក្តីសម្រេចសំខាន់ចំនួន ២ រួមមាន៖ ១)សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តីដើម្បីសម្រេចបាននូវការងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩ប្រកបដោយចីរភាពបរិយាបន្ន និងភាពធន់ ២)លើកកម្ពស់តួនាទីរបស់សមាជិកសភាស្រ្តីក្នុងការ ជំរុញនូវរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ដែលការណ៍នេះបង្ហាញឱ្យឃើញពីឆន្ទៈដ៏មុតមាំជាអន្តរជាតិរបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×