Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ផ្តល់​ភាព​រីករាយ​ដ៏​ភ្ញាក់ផ្អើល ដល់​អតិថិជន នៅ​ទូទាំង​ប្រទេស​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​កន្លង​ទៅនេះ ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​រៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធន៍​ល្អ​នៃ​សេវាកម្ម​អតិថិជន ក្រោម​ពាក្យស្លោក «​យើង​ស្រឡាញ់​អតិថិជន​របស់​យើង​»​ដើម្បី​ផ្តល់​នូវ​ការកម្សាន្ត ភាព​រីករាយ និង​ភាព​ភា្ញក់ផ្អើល ដល់​គ្រប់​អតិថិជន នៅ​គ្រប់​សាខា​ទាំង​១៣​របស់​ធនាគារ ទូទាំង​ប្រទេស​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ គឺជា​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រាល់​ផលិតផល និង​សេវាកម្ម​ធនាគារ ក៏ដូចជា​អបអរសាទរ​ខួប​គម្រប់​៧​ឆ្នាំ នៃ​ប្រតិបត្តិការ​របស់​ធនាគារ CIMB នៅ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​ដ៏​ភ្ញាក់ផ្អើល​នេះ អតិថិជន​ទាំងអស់ ដែល​អញ្ជើញ​មក​សាខា​របស់​ធនាគារ CIMB បាន​ទទួល​នូវ​បទពិសោធន៍​ថ្មី​ប្លែក ទៅ​លើ​ការបម្រើ​សេវាកម្ម​អតិថិជន​ដោយ​ផ្ទាល់ ពី​ប្រធាន​នាយក​ប្រតិបត្តិ (CEO) រួម​ទាំង​គណៈ​គ្រប់គ្រង​របស់​ធនាគារ​។ ក្រៅ​ពី​ការ​ការចាប់​រង្វាន់ និង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ ពី​ធនាគារ CIMB អតិថិជន​ក៏​ទទួលបាន​ការបម្រើ​នំ​សម្រន់ និង​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​ការស្វាគមន៍​ពី​បុគ្គលិក​សាខា ក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ផងដែរ​។​

​លោកស្រី​ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បានឲ្យដឹងថា​៖ «​នៅ​ធនាគារ CIMB យើង តែងតែ ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត​លើ​សេវាកម្ម​អតិថិជន ថ្ងៃនេះ​យើង​បង្កើត​កម្មវិធី​នេះ​ឡើង​ជា​ពិសេស​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ ដើម្បី​មក ស្វែងយល់​ពី​មតិយោបល់ អតិថិជន និង​កែលម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​ឲ្យ​ប្រាកដថា រាល់​អតិថិជន​ទទួលបាន​ការបម្រើ​សេវា​កម្ម ដ៏​ល្អ​ប្រសើរ ។​

​លោក​សម្អាត ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB តាំង​ពី​បើក​ដំណើរកា​រធនាគារ​ដំបូង​មក​ម្ល៉េះ បាន​រៀបរាប់​ពី​បទ​ពិសោធន៍ និង​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិន​បាន​រំពឹង​ថា មាន​កម្មវិធី​ធនាគារ​ពិសេស​ដូច្នេះ​ពី​មុន​ឡើយ​។ ពេលមកដល់​សាខា​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ CEO និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងចំណោម​សាខា​ទាំង​១៣ របស់​ធនាគារ CIMB នៅ​ទូទាំង​ប្រទេស មាន​អតិថិជន​សរុប​ប្រមាណ ១.០០០​នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ចែករំលែក​បទពិសោធន៍​ល្អ​នៃ​សេវាកម្ម​អតិថិជន អំឡុង​ពេល​មួយ​ថ្ងៃនេះ​។ តាមរយៈ​ភាពជោគជ័យ​នៃ​ការយកចិត្តទុកដាក់ ដល់​អតិថិជន​ទាំងអស់នេះ ធនាគារ CIMB នឹង​នាំមក​នូវ​កម្មវិធី ផ្សេងៗ​ទៀត សម្រាប់​ឆ្នាំ​ថ្មី​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មាន​ការរីកចម្រើន​ឡើង ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១០​។​

​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិម​ប៊ី គ្រុប ដែល​បាន​ចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយ​បាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួម​មាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម និង​ខេត្ត​បាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួម​មាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​៕​ ​ដោយ​៖​កូឡាប​

   

×