រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សន្និសីទសារព័ត៌មាន និងវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ត្រូវបានធ្វើឡើងក្រោមអធិតីភាពឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ គឺស្របតាមការផ្តល់អនុសាសន៍ផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនខ្មែរបុរាណ ដែលបុព្វបុរសខ្មែរបានបន្សល់ទុក។ នាព្រឹត្តិការណ៍នោះដែរឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ជួយចែករំលែកអំពីព្រឹត្តិការណ៍នេះទៅកាន់មហាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះពានរង្វាន់សម្តេចធិបតី នឹងរៀបចំឡើងនាថ្ងៃទី១៨ ដល់ទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះបានរៀបចំឱ្យមានគណៈកម្មការចំពោះកិច្ច គណៈកម្មការជំនាញ ដែលមានសហព័ន្ធកីឡាចជាតិចំនួន៤ រួមមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ, សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា, សហព័ន្ធកីឡាយុទ្ធក្រមខម និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី