រដ្ឋការអង់គ្លេសប្រកាសថានឹងសហការជាមួយឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី ដើម្បីស៊ើបអង្កេតព័ត៌មានអំពីខ្មោចនាវាប្រយុទ្ធ របស់ប្រទេសនេះជំនាន់សង្គ្រាមលោកលើកទី២ ត្រូវបានចោរសមុទ្រលួចយកទៅបាត់។

តាមDaily Mail ចុះផ្សាយថ្ងៃ១៩ខែសីហា ប្រកាសថា«ចោរសមុទ្រចិន»បានលួចស្ទូចយកនាវាប្រយុទ្ធរបស់អង់គ្លេសចំនួន៤គ្រឿង ដែលត្រូវលិចនៅតំបន់សមុទ្រឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក្នុងសម័យសង្គ្រាមលោកលើកទី២ ដើម្បីយកដែកលក់។
នាវាទាំងនោះរួមមាន នាវាបំផ្លាញមីនHMS Banka ដែលលិចនៅឆ្នាំ១៩៤១ នាវាHMS Tien Kwang និងនាវាល្បាត ដែលបានលិចHMS Kuala នៅតំបន់សមុទ្រឥណ្ឌូណេស៊ីក្នុងអំឡុងខែមករាឆ្នាំ១៩៤២ និងនាវាដឹកទំនិញSS Loch Ranza នៅជិតប្រជុំកោះRiau របស់ឥណ្ឌូណេស៊ី។
តាមDaily Mail គេឃើញមានសាឡាងធំៗរបស់ចោរសមុទ្រចិនបានលួចស្ទូចយកនាវាទាំងនេះទៅលក់ធ្វើជាដែកអេតចាយ។

ទន្ទឹមនោះនៅមាននាវាប្រមាណ៦គ្រឿងផ្សេងទៀតរបស់អង់គ្លេសបានលិចនៅតំបន់សមុទ្រម៉ាឡេស៊ី និងឥណ្ឌូណេស៊ីកាលពី សម័យសង្គ្រាមលោកក៏ត្រូវបានគេលួចស្ទូចយកទៅបាត់ដែរ។
ខ្មោចនាវាទាំងអស់នេះមានអត្ថន័យប្រវតិ្ដសាស្ដ្រយ៉ាងធំធេង ព្រោះត្រូវបានគេចាត់ទុកជា«ផ្នូរសង្គ្រាម» ព្រោះវារក្សាទុកអដ្ឋិធាតុរបស់ពលទាហានរាប់រយនាក់ក៏ដូចជាពលរដ្ឋអង់គ្លេសដែលបានស្លាប់ប្រកបដោយវីរភាព។អដ្ឋិធាតុដែលស្ថិតក្នុងនាវាទាំងនោះត្រូវបានគេដឹងថាពួកចោរសមុទ្រចិនបាននាំយកទៅកប់ចោលនៅតំបន់ដីប្រទេសឥណ្ឌូណេស៊ី។
រដ្ឋមន្ដ្រីការពារជាតិអង់គ្លេសGavin Williamson ឱ្យដឹងថា នេះជាកង្វល់ដ៏ធំធេង ព្រោះព័ត៌មានស្ដីពីនាវាទាំងនោះត្រូវបានគេលួចយក ហើយអះអាងថានឹងសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីបើកការស្រាវជ្រាវបណ្ដាបញ្ហារឿងរ៉ាវទាំងនោះ៕
លីសា