Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ថាជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ!

ភ្នំពេញ ៖ កត្តាសន្តិភាព និងសន្តិសុខល្អប្រសើរនៅកម្ពុជា ត្រូវបានឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ពោលសរសើរថាជាចំណែកយ៉ាងសំខាន់នៃការផ្ដល់ទំនុកចិត្តទៅកាន់ភ្ញៀវទេសចរណ៍អង់គ្លេសឱ្យធ្វើដំណើរមកកំសាន្តកាន់តែច្រើនជាងមុននៅកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ ឯកឧត្តម Dominic Williams បានថ្លែងសាទរចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីរក្សាសន្តិភាព និងសន្តិសុខនៅកម្ពុជាបានយ៉ាងល្អ ដោយអះអាងថា ជាក់ស្តែងលទ្ធផលនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរណ៍អង់គ្លេសមកកាន់កម្ពុជាច្រើនលើសលប់។

ក្រៅពីថ្លែងកោតសរសើរលើការរក្សាសន្តិសុខ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានការខិតខំប្រឹងប្រែងបង្កើត និងដាក់ឱ្យដំណើរការ ប្រព័ន្ធ Cambodia E-Visa ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់កម្ពុជា។ ជាមួយគ្នានេះឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស ដែលបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាង ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដោយបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ ប្រកបដោយមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេសចំពោះការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេសតែងតែផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាបន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍ Chevening រួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្សសម្រាប់កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសម្តែងការជឿជាក់យ៉ាងមុតមាំថាកម្ពុជា និងអង់គ្លេស នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យមានភាពរីក ចម្រើនកាន់តែខ្លាំង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×