ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការទូតអាហារកម្ពុជា៖ ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ» នៅ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ នៅរាជធានី ភ្នំពេញ និងខេត្តកំពត និងត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការរបស់មូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិកស្ថានបេសកកម្មការទូតបរទេស និងអង្គការ អន្តរជាតិនានានៅកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក្នុងគោលបំណងផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងផ្តល់ឱកាសដល់មន្ត្រីការទូតបរទេសនៅកម្ពុជា ទទួលបានបទ ពិសោធន៍នៃការធ្វើម្ហូបខ្មែរដំបូង រួមទាំងបន្ថែមនូវចំណេះដឹងដល់ពួកគាត់អំពីវប្បធម៌ម្ហូបអាហារកម្ពុជា ពោលគឺ ភាពពិសេសប្លែកពីគេ ភាពល្អឥតខ្ចោះ និងកេរដំណែលមរតកម្ហូបអាហារខ្មែរមិនអាចកាត់ថ្លៃបាន រាប់ពាន់ឆ្នាំមកហើយ។
ថ្លែងនៅក្នុងពិធីបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានមានប្រសាសន៍ថា កម្មវិធី នេះពិតជាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់អាហារកម្ពុជា ដែល ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ដើម្បី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដាក់ ចេញ “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច» នៅឆ្នាំ ២០២១។ យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចមានគោលបំណង លើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក្រោមចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានដឹកនាំដោយចុងភៅល្បីឈ្មោះពីររូប គឺលោកស្រី រស់ រតនៈ (Chef Nak) និងឧកញ៉ា លូ ម៉េង (Chef Luu Meng)។ ភ្ជាប់ជាមួយនឹងវគ្គបណ្តុះបណ្តាលនេះ អ្នកការទូតទាំងអស់បានធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត និងបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគរបស់ ខេត្តកំពត ដូចជាវិស័យកសិកម្ម និងទេសចរណ៍។ ខេត្តកំពតជាខេត្ត ដែលមានភាពល្បីល្បាញជាលក្ខណៈ អន្តរជាតិចំពោះម្រេច និងសម្រស់ធម្មជាតិភ្នំបូកគោ។
ឯកឧត្តម អ៊ុក សោភ័ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមនៅខេត្តកំពត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី