Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដើម្បីពង្រឹងភាពជាគូរ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ ៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី ដើម្បីពង្រឹងនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរយៈពេលជាង ៣០ ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះរួមមានការបោសសម្អាតមីន កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំផ្សព្វផ្សាយយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបញ្ហាប្រឈមនានា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការរដោះផ្ទៃដីជូនប្រជាពលរដ្ឋ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ជាប្រចាំ ប៉ុន្តែកម្ពុជានៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនូវតំបន់សង្ស័យមួយចំនួន ជាពិសេសបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយការសម្រេចបានរបស់កម្ពុជានាពេលកន្លងមក ក៏ជាសមិទ្ធផលមួយរបស់ប្រទេសអូស្រ្តាលីផងដែរ។ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតអូស្រ្តាលី អំពីភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលក្នុងរយៈពេលជិត១ឆ្នាំនេះ កម្ពុជា បានខិតខំធ្វើសកលភាវូបនីយកម្មអនុសញ្ញាដើម្បីលើកទឹកចិត្តឱ្យប្រទេសមួយចំនួនពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា និងការកៀរគរធនធានដើម្បីគាំទ្រដល់សកម្មភាពមីនសកល និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលបានជួយឧបត្ថម្ភគាំទ្រក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក៏ដូចជាសម្តែងនូវការគាំទ្រចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានលើកឡើងថា ប្រទេសអូស្រ្តាលីមានកម្មវិធីកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងនោះការងារសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយយ៉ាងសំខាន់ និងអាទិភាពក្នុងគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងជាដៃគូមួយក្នុងការរួមចំណែកកាត់បន្ថយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយប្រទេសអូស្រ្តាលីនៅតែបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ រក្សាសិទ្ធដោយ៖សុទ្ធលី

spot_img
×