ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ, ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។
ឯកឧត្តម នេត្រ ភក្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា “ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ”។
ជាមួយគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសវេចខ្ចប់ទុកដាក់របស់របរផ្សេងៗ ដែលងាយនឹងខូចខាតឱ្យខ្ពស់ពីទឹក, មើលថែកូនតូចៗឱ្យបានល្អចៀសវាងការគ្រោះថ្នាក់ផ្សេងៗ, ឧស្សាហ៍ពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះខ្លាចក្រែងមានសត្វអសិរពិសរត់ពីទឹកជំនន់មកពួនសម្ងំ។ និងអាចបង្កគ្រោះថ្នាក់។
បើតាមឯកឧត្តមរដ្ឋមន្រ្តី , សូមជូនពរបងប្អូនអ្នកខេត្តក្រចេះជាពិសេសស្រុកសំបូរ ស្រុកចិត្របុរី ក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេមេគង្គ សូមបានសុខសប្បាយ!៕ រក្សាសិទ្ធដោយ ៖សុទ្ធលី