Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show) ពាក់ព័ន្ធនឹងកម្មវិធី Gumball 3000

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ” ខ្ញុំបានឃើញហើយនូវវីឌីអូរបស់ប្អូន និងសូមអរគុណ។

ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។

ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។

រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។

ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលខ្ញុំសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។

Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព។

ខ្ញុំសូមអរគុណប្អូនស្រីដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ។ សូមជូនពរប្អូននិងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង”៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×