ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឈ្មោះ លោក អ៊ុង ឬទ្ធី បានជាប់ពាក់ព័ន្ធល្បែងកន្ទុយលេខវៀតណាម (មេប្រមូលក្នុងខេត្ត) ដោយប្រមូលលុយរាប់រយលានរៀល ក្នុងមួយថ្ងៃៗ ពីអ្នកចាក់នៅតាមបណ្តាភូមិស្រុកក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
យ៉ាងនេះក្តី លោក អ៊ុង ឬទ្ធី បានបដិសេធន៍ថា ខ្លួនមិនជាប់ពាក់ព័ន្ធល្បែងកន្ទុយលេខ ដូចការចោទទេ ជាមុខរបររបស់ប្រពន្ធគាត់..។ល។
ទាក់ទងល្បែងកន្ទុយលេខនេះដែរ កន្លងទៅដោយសារតែ ការកាច់កុងគ្នារឿងប្រយោជន៍ខុសច្បាប់ នាំឲ្យស្ត្រីម្នាក់ឈ្មោះ ង៉ែត ជាអ្នករកស៊ីកត់ឆ្នោត នៅក្នុងផ្សារកំពង់ស្ពឺ ត្រូវបានឃុំខ្លួនតាមនីតិវិធីមួយរយៈពេល។ ហើយករណីនេះ ត្រូវគេសង្ស័យ និងខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ព្រោះតែរឿងកត់ឆ្នោតបានហើយមិនដាក់បន្តអោយបងធំឆ្នោតក្នុងខេត្ត ក្រោយមកក៏ចេញពីគុកវិញ ដោយចាយលុយអស់ជាច្រើនទើបរួចពីជាប់ពន្ធនាគារ។
ប្រភពពីប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ បានបន្តថា មធ្យោបាយក្រុមកត់ឆ្នោតវៀតណាម គឺពួកគេបានប្រើកម្មវិធីបណ្តាញសង្គមឡាញ (Line) ដើម្បីផ្តល់ទិន្ន័យលេខចាក់ និងចំនួនទឹកលុយ ដែលបានគត់លើក្រដាស់តាមគោលដៅកូនកញ្ជ្រែង។ ដោយកូនកញ្ជ្រែងជាអ្នកថតផ្ញើទៅឲ្យមក(មេប្រមូល) មុនម៉ោងលទ្ធផលឆ្នោតចេញតាមប៉ុស្ត៍នីមួយៗ។
គួររំលឹកថា រឿងល្បែងកន្ទុយលេខវៀតណាម ដែលកើតពេញបន្ទុកក្នុងខេត្ត កំពង់ស្ពឺ ប៉ុន្តែការបង្ក្រាប របស់សមត្ថកិច្ចពាក់ព័ន្ធ ហាក់ស្ងាត់ជ្រងំ ដោយសមត្ថកិច្ចស្ថាប័នខ្លះសំអាងថា ជាឆ្នោតខ្មែរមានច្បាប់ តែជាក់ស្តែង បើខុសខ្សែវិញ គឺសមត្ថកិច្ច ដែលជាអ្នកកាងការពារល្បែងកន្ទុយលេខខាងលើ មកគំរាមចាប់ឆ្នោតខុសច្បាប់ ដើម្បីអនុវត្តនីតិវិធីជាដើម៕ ដោយ ៖ ដែន សីមា